(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ បានថ្លែងពន្យល់ថា ការរំលាយអតីតគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាកន្លងទៅនេះ មិនមែនមកពីគណបក្សប្រជាជនកម្ពុជា ខ្លាចគណបក្សប្រឆាំងមួយនេះឡើយ ហើយក៏មិនមែន គណបក្សប្រជាជនកម្ពុជា ចង់កាន់អំណាចតែម្នាក់ឯងទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តបាតដំបងប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា៖ «សូមយល់ទាំងអស់គ្នា ហើយពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានដឹងគ្រប់គ្នា មិនមែនយើងខ្លាច CNRP ទេ ហើយមិនមែនយើងចង់កាន់អំណាចតែម្នាក់ឯងទេ គឺយើងការពារកុំឱ្យព្រឹត្តិការណ៍កម្ពុជា វិលទៅរកឆ្នាំ៧០ឡើងវិញ»។
សម្តេច ស ខេង បានបញ្ជាក់ទៀតថា ការណ៍ដែលតុលាការកំពូលកម្ពុជា កាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ គឺមានហេតុផល២យ៉ាងធំៗ នោះគឺ ការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ និងមួយទៀត គឺគណបក្សនេះទទួលយកគោលនយោបាយរបស់បរទេស មកគ្រប់គ្រងប្រទេសកម្ពុជា បើសិនជាគ្រប់គ្រងបែបនេះ គឺប្រទេសកម្ពុជានឹងលែងឯករាជ្យហើយ។
គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញភស្តុតាងបង្ហាញថា គណបក្សនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបន្តថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ មិនមែនជាសកម្មភាពដើម្បីប្រជាធិបតេយ្យទេ ហើយថាបើសិនជា គណបក្សនេះមិនត្រូវបានរំលាយទេ កម្ពុជានឹងជួបគ្រោះធំនៅឆ្នាំ២០១៨ ដូចដែលគណបក្សនេះ បានធ្វើសកម្មភាពផ្តួលមិនសម្រេចកាលពីឆ្នាំ២០១៣ នៅពេលដែលគណបក្សនេះបានចាញ់ឆ្នោត ក្រោយខែកក្កដា។
សម្តេចថ្លែងថា «បោះឆ្នោតឆ្នាំ២០១៣ គឺជាការបោះឆ្នោតប្រកបដោយលក្ខណៈល្អឥតខ្ចោះ ប៉ុន្តែយ៉ាងម៉េច បានជាគណបក្សនេះមិនទទួលយកលទ្ធផល នៃការបោះឆ្នោត ហើយធ្វើសកម្មភាពបង្កអុកឡុក ប៉ុន្តែដោយសារយើងជាអ្នកចាស់ទុំនយោបាយ យើងចង់បង្រួបបង្រួមជាតិ យើងក៏បោះដៃហៅមក ដើម្បីឱ្យចូលក្នុងសភាធ្វើការជាមួយគ្នាទៅ តែមិនព្រមឈប់បន្តធ្វើសកម្មភាព ហើយនឹងគ្រោងបន្តធ្វើបដិវត្តន៍ពណ៌ នៅឆ្នាំ២០១៨ទៀត បើសិនជា គេចាញ់ឆ្នោត»។
សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា ការរំលាយគណបក្សសង្រ្គោះជាតិដោយច្បាប់ កាលពីចុងឆ្នាំមុននោះ គឺជាជោគជ័យដ៏ធំមួយទៀតរបស់កម្ពុជា ដែលទប់ស្កាត់ការផ្តួលរំលំមួយដោយ មិនការបង្ហូរឈាមដូចកាលពីទស្សវត្សឆ្នាំ៧០ ហើយក៏ជាប្រវត្តិសាស្រ្តថ្មី ដែលមិនធ្លាប់មាននៅកម្ពុជា។
សម្តេចថ្លែងថា៖ «វាមិនមានទី១ ដែលថារំលាយបក្សដ៏ធំមួយ ដែលមានសំឡេងគាំទ្រច្រើន ហើយមិនមានទី២ ត្រង់ថា រំលាយបក្សដ៏ធំបែបនេះ ប៉ុន្តែយើងគ្រប់គ្រង សភាពការណ៍បានល្អ អត់មានភាពរំជើបរំជួលបះបោរ កន្លែងនេះឬកន្លែងនោះ ទាមទារតុលាការ រារាំងការរំលាយនេះទេ»៕