(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាកោះជាលើកទី២ឱ្យលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ដីកាកោះជាលើកទី២នេះ បានធ្វើឡើងបន្ទាប់ពី លោក ជា មុន្នី ពុំបានចូលខ្លួនបំភ្លឺតាមការកំណត់ នៃការកោះហៅជាលើកទី១ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ អំពីករណីញុះញង់ ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។
គួរបញ្ជាក់ថា នាថ្មីៗនេះ លោក ដារ៉ា សុបញ្ញា និង លោក កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ បានដាក់ពាក្យប្តឹង លោក ជា មុន្នី ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះ ក្រុមសហជីពធំៗ បានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាព អឺរ៉ុប ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះមានផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕