(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់បុគ្គលិកដែលបម្រើការក្នុងមណ្ឌលព័ត៌មានទេសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវមានវត្តមានប្រចាំការ
២៤ម៉ោង ត្រូវមានបដិសណ្ឋារកិច្ចសមរម្យចំពោះភ្ញៀវទេសចរ ពិសេសត្រូវផ្ដល់ព័ត៌មានពិត និងទាន់សភាពការណ៍ប្រាប់ដល់ភ្ញៀវ ហើយព័ត៌មាននេះទៀតសោត ក៏ត្រូវធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំផងដែរ។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការចូលរួមពីលោក អេរិច ដឺឡូប៊ែល អគ្គនាយកក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា។
លោកបានបញ្ជាក់ថា ដើម្បីទទួលសាទរការមកដល់នៃភ្ញៀវទេសចរ បុគ្គលិកដែលបម្រើការងារក្នុងមណ្ឌលព័ត៌មានត្រូវអនុវត្តការងារចាំបាច់មួយចំនួន ដូចជា៖ ទី១.ត្រូវមានវត្តមានប្រចាំបម្រើសេវាជូនភ្ញៀវ ២៤ម៉ោងលើ២៤ម៉ោង ទី២.ត្រូវមានបដិសណ្ឋារកិច្ច ភាពរួសរាយរាក់ទាក់ ស្វាគមន៍ចំពោះភ្ញៀវទេសចរ និងទី៣.ត្រូវតែផ្ដល់ព័ត៌មានពិតៗ និងទាន់សភាពការណ៍ប្រាប់ដល់ភ្ញៀវ ដើម្បីឲ្យពួកគេស្វែងរក ឬចង់បានអ្វីមួយចំគោលដៅដូចចិត្ត ហើយការផ្ដល់ព័ត៌មាននេះទៀតសោត ក៏ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំផងដែរ ពីព្រោះព័ត៌មាននានាក្នុងសង្គមតែងតែ មានការវិវត្តទៅមុខជានិច្ច ដូច្នេះត្រូវតាមដានឲ្យទាន់សភាពការណ៍។
លោករដ្ឋមន្ត្រីបានបន្តថា នៅឆ្នាំ២០២៣ កម្ពុជានឹងសម្រេចឲ្យបានការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាននាក់ នៅឆ្នាំ២០២៥ ឲ្យបាន១១លាននាក់ និងនៅឆ្នាំ២០៣០ ឲ្យបាន១៥លាននាក់ ដែលនឹងនាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិដល់ទៅ ១០ពាន់លានដុល្លារអាមេរិក ហើយនឹងមានបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ជាង ១លាន៥សែននាក់។ លោកថា ដើម្បីសម្រេចបានគោលដៅនេះ មណ្ឌលផ្ដល់ព័ត៌មានទេសចរណ៍នេះក៏ដើរតួសំខាន់ណាស់ដែរ ចំពោះការផ្សព្វផ្សាយីវិស័យទេសចរណ៍នៅកម្ពុជា។
លោក អេរិច ដឺឡូប៊ែល បានឲ្យដឹងថា នៅឆ្នាំ២០១៧ មានអ្នកដំណើរជាង៤លាននាក់ បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅឆ្នាំ២០២០ កម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ដូច្នេះនេះជាការរៀបចំកែលម្អប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធថ្មីៗ សម្រាប់អ្នកដំណើរឲ្យកាន់តែល្អប្រសើរជាងមុន ស្របតាមស្ដង់ដារអន្តរជាតិ។
សូមជម្រាបថា ដើម្បីដំណើរការប្រតិបត្តិការការងាររបស់មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព និងដើម្បីផ្តល់នូវព័ត៌មាន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ តាមគោលដៅនីមួយៗ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងទម្រង់៣ប្រភេទ រួមមាន៖ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការដោយផ្នែកឯកជន និងមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការរួមគ្នា ដោយផ្នែករដ្ឋ-ឯកជនរួមគ្នា៕