(ស្វាយរៀង)៖ ប្រតិបត្តិការទ្រង់ទ្រាយធំមួយទៀត ស្ដីពីការបង្ក្រាបគ្រឿងញៀននៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ១០នាក់ ក្នុងនោះមានស្រី៣នាក់ ព្រមទាំងដកហូតថ្នាំញៀនរហូតជាង៧គីឡូក្រាម អាវុធខ្លី២ដើម ព្រមទាំងសម្ភារមួយចំនួនទៀត។
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យ និងវត្ថុតាងមុនបញ្ជូនទៅកាន់តុលាការ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី១៩ រហូតដល់ព្រឹកថ្ងៃទី២២ ខែមករា ដោយមានកិច្ចសហការរវាង កម្លាំងអាវុធហត្ថរបស់លោក ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា លោក គង់ ច័ន្ទខេមរិទ្ធិ និងព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោក សឿន មុន្នីរ័ត្ន។
លោកឧត្តមសេនីយ៍ បានឲ្យដឹងថា ប្រតិបត្តិការដំបូងឡើងនៅយប់ថ្ងៃទី១៩ ខែមករា ដោយកម្លាំងអាវុធហត្ថចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យូរ បញ្ញា នៅខារ៉ាអូខេ PPT3 ក្នុងក្រុងបាវិត ដកហូតថ្នាំញៀនពណ៌ផ្កាឈូក២៩០គ្រាប់ និងពណ៌ស១០គ្រាប់។ ក្រោយសួរចម្លើយកម្លាំងអាវុធហត្ថ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ និងក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស៊ិន សុផានី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថផ្ទៃប្រទេស និងស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងបានបន្ដពន្លាតដែនសមត្ថកិច្ច ឈានទៅដល់ការចាប់ខ្លួន ស្ដ្រីម្នាក់ ឈ្មោះ ហ៊ុន ស្រីកា នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយដកហូតថ្នាំញៀន ២កញ្ចប់ធំ។
ក្រោយសួរចម្លើយជនសង្ស័យទី២នេះ កម្លាំងអាវុធហត្ថបានបន្ដទៅឆែកឆេរបន្ទប់ស្នាក់នៅ និងឃាត់ខ្លួនជនសង្ស័យ៧នាក់ទៀត ក្នុងនោះជនជាតិវៀតណាម៤នាក់ ហើយដកហូតថ្នាំញៀន ព្រមទាំង វត្ថុតាងមួយចំនួនធំ។ លុះដល់រសៀលថ្ងៃទី២១ ខែមករា កម្លាំងអាវុធហត្ថបានបន្ដចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ង៉ូវ សុភារម្យ អាយុ៣០ឆ្នាំ នៅខាងក្រោយរោងកុនលុច្ស ខណ្ឌដូនពេញ ដោយដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត។
ក្រោយសួរចម្លើយកម្លាំងបានបន្ដចុះទៅឆែកឆេរបន្ទប់ជួល នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជិតវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ដោយដកហូតថ្នាំញៀនជាង៥គីឡូក្រាម និងវត្ថុតាងជាច្រើនផ្សេងទៀត។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអាវុធហត្ថកាលពីព្រឹកមិញ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបង្ហាញពីមោទនភាពមួយទៀត ចំពោះប្រតិបត្តិការនៃការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផងដែរ៕