(សៀមរាប)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសដែលជាអាជីវករម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២០ម៉ឺនដុល្លារ ក្រោយត្រូវបានកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ឃាត់ខ្លួននៅព្រំដែនកម្ពុជា-ឡាវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ កងកម្លាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការចាប់ឃាត់ខ្លួន អាជីវករម្នាក់ដែលបម្រុងរត់គេចខ្លួនទៅប្រទេសឡាវ ក្រោយជាប់ពាក់ព័ន្ធការចេញសែកគ្មានលុយ ជាង ២០ម៉ឺនដុល្លារ នៅខេត្តសៀមរាប។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងកាលពីពេលចាប់ខ្លួននោះ ថា ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ ក្រោយទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប តាមរយៈកងរាជអាវុធហត្ថខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ដីកានោះបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អេង បញ្ញាឬទិ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទសមគំនិត ក្នុងអំពើចេញមូលប្បប័ត្រគ្មានសាច់ប្រាក់ ប្រព្រឹត្រនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
បន្ទាប់ពីទទួលបានដីកា ភិនភាគ និងព័ត៌មានពីជននេះភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ផ្ដើមបើកការស៊ើបអង្កេតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ទើបរកឃើញជនមុខសញ្ញាក្នុងដីកា ដែលកំពុងត្រៀមបម្រុងគេចខ្លួនឆ្លងដែនទៅប្រទេសឡាវ ត្រង់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល។
ដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបាននាំខ្លួនជននេះ មកទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ហើយថ្ងៃនេះ កម្លាំងជំនាញនៃអាវុធហត្ថខេត្តសៀមរាប បានទទួលនិងបញ្ជូនបុរសរូបនេះ មកដលសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងខេត្តខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យនាំខ្លួន បុរសនិងស្រ្ដី ដែលជាប្ដីប្រពន្ធនិងគ្នា តាមដីកាលេខ ២៧៧ ន.ស (ដ)/២០១៧ ដែលចេញដោយលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពីបទ សមគំនិតក្នុងអំពើចេញមូលប្បប័ត្រគ្មានសាច់ប្រាក់ ។
បើតាមដីកានេះបញ្ជាក់ថា បុរសដែលត្រូវជាប្ដីឈ្មោះ អេង បញ្ញាឬទ្ធិ អាយុ៣៨ឆ្នាំ ជាតិខ្មែរ ទីកន្លែងកំណើតភូមិវត្តគោ ឃុំវត្តគោ ស្រុកសង្កែ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានមុខរបរជាអាជីវករ និងមានប្រពន្ធឈ្មោះ កែវ មារឌី។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងចេញដីកា ពាក់ព័ន្ធពីបទ សមគំនិតក្នុងអំពើចេញមូលប្បប័ត្រ គ្មានសាច់ប្រាក់ ប្រព្រឹត្តិនៅក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
បើតាមការបង្ហើបឲ្យដឹងពីម្ចាស់ដើមបណ្ដឹងថា ការចេញមូលប្បទានប័ត្រ ដែលមិនមានសាច់ប្រាក់នេះ មានចំនួនរហូតដល់ជាង៣០ម៉ឺនដុល្លារអាមេរិក។ លោកបន្តឱ្យដឹងថា ភាគីកូនបំណុលបានចេញមូលប្បទានប័ត្រ អ អេច ប៊ី ឥណ្ឌូឆាយណា ប្រគល់ជូនគាត់ ប៉ុន្តែមូលប្បទានប័ត្រដែលបានចេញទាំងនោះ ពុំមានសាច់ប្រាក់ ក្នុងគណនីធនាគាររបស់ពួកគេឡើយ។
កន្លងទៅតាមរយៈមេធាវី លោកបានទុកពេលឲ្យគេទាំងពីរនាក់ ដើម្បីដោះស្រាយគ្នាបញ្ចប់ តែពួកគេមិនត្រឹមតែមិនមានឆន្ទៈក្នុងការដោះស្រាយ ថែមទាំងព្យាយាមរកមធ្យោបាយផ្សេងៗ ក្នុងការគេចវៀស រហូតដល់លោកបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចពាក់ព័ន្ធ និងសាលាដំបូងខេត្តសៀមរាប រហូតដល់មានការចេញដីកានេះឡើង៕