(កណ្តាល)៖ ដោយសារតែមានសហជីពមួយ បន្តញុះញង់កម្មករឱ្យធ្វើបាតុកម្មខុសច្បាប់ រារាំងកម្មករ-កម្មការិនី ដ៏ច្រើនលើសលប់តាមច្រកទ្វាររោងចក្រហ្គាវ័ន្តអឹភែរឹល ស្ថិតនៅសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឱ្យចូលធ្វើការនោះ ជាថ្មីម្តងទៀត លោកស្រីនាយិកាជនជាតិកូរ៉េ បានសំណូមពរដ៏ទទូចដល់លោករដ្ឋមន្ត្រីក្រសួងការងារ និងលោកអភិបាលខេត្តកណ្តាល មេត្តាចាត់វិធានការជាបន្ទាន់។
លោកស្រី ឆា ក្យុងហ៊ី អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ និងជានាយិកាក្រុមហ៊ុនហ្គាវ័ន្តអឹភែរឹល បានបញ្ជាក់នាថ្ងៃទី២៣ ខែមករា នេះថា លោកស្រីបានធ្វើលិខិត២ច្បាប់ គោរពផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងមួយច្បាប់ទៀត ផ្ញើជនលោកអភិបាលខេត្តកណ្តាល ដើម្បីសុំជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ ប៉ុន្តែច្រើនថ្ងៃមកហើយលោកស្រី នៅមិនទាន់ឃើញកម្លាំងមានសមត្ថកិច្ចមកជួយធ្វើអន្តរាមន៍នៅឡើយ។
គួរំលឹកថា ថ្មីៗនេះក្រុមកម្មករ-កម្មការិនីរោងចក្រហ្គាវ័ន្តអឹភែរឹល បាននាំគ្នាធ្វើកូដកម្មរហូតឈានដល់បិទផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្ត
កណ្តាល ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន រួចមកខាងភាគីរោងចក្របានធ្វើការធ្វើលិខិតសុំអន្តរាគមន៍ពីលោករដ្ឋមន្ត្រីក្រសួងការងារចំពោះសហជីពស៊ីខៅឌូ (CCAWDU) និងបក្ខពួក ដែលបានបិទទ្វារក្រុមហ៊ុន ទាំងមុខ និងក្រោយ មិនឱ្យកម្មករនិយោជិតចូលធ្វើការ។
លោកស្រីឆា ក្យុងហ៊ី ធ្លាប់បានបញ្ជាក់ថា កន្លងមកកម្មករ-កម្មការិនីបាននាំធ្វើកូដកម្មតាមរយៈការញុះញង់របស់សហជីពស៊ីខៅឌូ ក្នុងនោះក្រុមហ៊ុន បានព្យាយាមដោះស្រាយតាមផ្លូវច្បាប់ និងបានអញ្ជើញមន្ត្រីជំនាញមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មកសម្របសម្រួល តែលទ្ធផលទទួលបានសះជាហើយភាគីក្រុមហ៊ុនលោកស្រី បានបន្តទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្តទៀត។
លោកស្រីបន្តថា បងប្អូនកម្មករនិយោជិត នៅតែមិនគោរពតាមការបញ្ជាឱ្យចូលធ្វើការវិញ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល យោងតាមលិខិតបញ្ជាឱ្យចូលធ្វើការវិញលេខ០០៦/១៧កបអ. ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយបងប្អូនកម្មករ នៅតែមិនព្រមចូលធ្វើការដដែល។
បន្ទាប់មកទៀត សាលាដំបូងខេត្តកណ្ដាល ក៏បានចេញដីកាសម្រេចរក្សាការពារលេខ០១៧ ដសករព ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងបានបញ្ជាឱ្យអាជ្ញាសាលានៃ សាលាដំបូងខេត្តចុះអនុវត្តដីកា សម្រេចរក្សា ការពារនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ជាឱ្យកម្មករនិយោជិតទាំងអស់ចូលធ្វើការវិញជាបន្ទាន់ហើយ ចាត់ទុកការធ្វើកូដកម្មកន្លងមកជាកូដកម្មខុសច្បាប់។
លោកស្រីបន្តថា បន្តមកទៀតក្រុមហ៊ុនក៏បានចេញលិខិតជូនដំណឹង ជម្រាបដល់បងប្អូនកម្មករនិយោជិតឱ្យចូលធ្វើការវិញតាមដីកាខាងលើរបស់សាលាដំបូងខេត្តកណ្ដាល ក៏ប៉ុន្ដែបងប្អូនកម្មករនិយោជិត នៅតែមិនព្រមអនុវត្តតាមដដែល។ មិនតែប៉ុណ្ណោះ សហជីពស៊ីខៅឌូ និងបក្ខពួក បានប្រព្រឹត្តនូវអំពើខុសច្បាប់ និងមិនគោរពទៅតាមដីការក្សាការពារ របស់សាលាដំបូងខេត្តកណ្ដាល ដោយបន្តញុះញង់ ដឹកនាំ កម្មករនិយោជិតឱ្យបិទទ្វារច្រកចេញ ចូលក្រុមហ៊ុនទាំងមុខ និងក្រោយមិនឱ្យក្រុមហ៊ុនដឹកទំនិញ ចូល និងកម្មករដទៃទៀតចូលធ្វើការបាន។
លោកស្រីបន្តថា ជាក់ស្ដែងក្រោយពីសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចរក្សាការពារ មានបងប្អូនកម្មករនិយោជិតចូលធ្វើការវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន៣៥៩នាក់, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន២៦១នាក់, ហើយនាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ គឺខាងសហជីពស៊ីខៅឌូ បានរារាំងមិនឱ្យកម្មករចូលធ្វើការទាំងអស់ ដែលទង្វើបែបនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនហ្គាវ័ន្ត មិនអាចដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនបាន និងបន្តប៉ះពាល់ទៅដល់ការបិទរោងចក្រទាំងស្រុងតែម្ដង។
លោកស្រីបន្តថា ម៉្យាងនាំឱ្យជះឥទ្ធិពលមិនល្អទៅដល់វិនិយោគិនដទៃទៀតដែល ចង់មកវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា។ មួយវិញទៀត វាធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតទាំងអស់ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។
ជុំវិញករណីខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីមេដឹកនាំសហជីពស៊ីខៅឌូ (CCAWDU)នារសៀលថ្ងៃទី២៣ ខែមករានេះ បានឡើយ៕