(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនបង្កើន សកម្មភាពចុះតាមខ្នងផ្ទះរបស់អតីតយុទ្ធជន ហើយត្រូវដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់ពួកគាត់ដែលបានប្រឹងប្រែងក្នុងបុព្វហេតុជាតិមាតុភូមិ។
នាយឧត្តមសេនីយ គន់ គីម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារបន្តមកពី តាមបណ្តាខេត្តកំពង់ស្ពឺ តាកែវ កែប កំពត ព្រះសីហនុ និងខេត្តកោះកុង ដែលចំណុះយោធភូមិភាគទី៣ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨នេះ។
អគ្គលេខាធិការ គន់ គីម បានថ្លែងរំលឹកដែរថា រាល់ការចុះជួបជាមួយអតីតយុទ្ធជនត្រួវពិនិត្យស្ថានភាពជីវភាព សុខភាព របស់គ្រួសារនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ពេលឃើញពីទុក្ខលំបាកដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬ មានជំងឺត្រូវសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ជាពិសេសបង្កលក្ខណៈឲ្យទទួលបានសេវាសាធារណៈផ្សេងៗ មិនត្រូវទុកឲ្យអតីតយុទ្ធជន ជួបទុក្ខលំបាក ដោយមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។
«ជាការពិត អតីតយុទ្ធជនយើង ត្រូវការចាំបាច់នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែងការងារ ដែលយើងបានសហការអនុវត្តកន្លងមក ដូចជាការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬ ការសាងសង់ផ្ទះជាដើម គឺជាសកម្មភាពសប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តបន្តទៀត»។ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់។
តាមរយៈការធ្វើបច្ចុប្បន្នភាព បានរកឃើញថា ក្នុងចំណោមសមាជិកសមាគមនៃខេត្តទាំង៦ក្នុងយោធភូមិភាគ៣ សរុប ១៤,៤៧៦នាក់ មានអតីតយុទ្ធជនទ័លក្រ ១,៤៥៩នាក់។ តាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម គិតមកដល់ពេលនេះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនបានសម្រេចផ្តល់ផ្ទះចំនួន ២៤ខ្នងដល់អតីតយុទ្ធជន និងគ្រួសារ ដែលទ័លលំបាកជាងគេ ក្នុងខេត្តកំពង់ស្ពឺ ចំនួន ៤ខ្នង, ខេត្តតាកែវ ៤ខ្នង, ខេត្តកំពត ៩ខ្នង, ខេត្តព្រះសីហនុ ៤ខ្នង និងខេត្តកោះកុង ៣ខ្នង។
រយៈពេលជាង ២ឆ្នាំចុងក្រោយនេះ សមាគមពិនិត្យឃើញថា ការបើកផ្តល់មរណសង្រ្គោះ ជូនគ្រួសារសព ត្រូវបានប្រគល់ចំថ្ងៃបុណ្យ មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សពដូចមុនទៀតឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ កន្លងមក សមាគមបណ្តាខេត្តក្នុងយោធភូមិភាគទី ៣ បានបើកផ្តល់ជូនសមាជិកមរណភាពសរុប ២៦៨សព ដោយប្រើប្រាស់ថវិកាសម្តេចតេជោ ៣៩សព, ថវិកាបេឡាមរណៈសង្គ្រោះ ២២៩សព និងបានចលនាសប្បុរសជន ជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងថវិកាជាង ១៤២លានរៀល ជួយដល់អតីតយុទ្ធជនថែមទៀត។
ក្នុងកិច្ចប្រជុំនាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យគណៈបញ្ជាការឯកភាពខេត្តគោលដៅ កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងកំពត ត្រូវពង្រឹងវិធានការគ្រប់គ្រង ដីសម្បទានសង្គមកិច្ច បម្រុងទុករបស់រដ្ឋ ដែលមានក្នុងទីតាំងខេត្តទាំង៦ ឲ្យបានម៉ឺងម៉ាត់ ហើយរួសរាន់ពិនិត្យ រៀបចំបែងចែកជូនអតីតយុទ្ធជនទ័លលំបាក ដែលធ្វើបច្ចុប្បន្នភាពកន្លងមក ដើម្បីបានអាស្រ័យផលតាមការកំណត់របស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា អតីតយុទ្ធជនទ័លក្រនៅបណ្តាខេត្តទាំង៦ ក្នុងយោធភូមិភាគទី៣ ដែលសមាគមកំពុងពិនិត្យដោះស្រាយជាអាទិភាព មានចំនួនសរុប ៨៣៣គ្រួសារ៕