(ភ្នំពេញ)៖ អង្គការ «ខ្ញុំខ្មែរ» នាពេលថ្មីៗនេះ បានប្រកាសឲ្យដឹងថា គ្រោងនឹងដឹកនាំតារាចម្រៀងល្បី ពីប្រទេសកម្ពុជា និងថៃ ដើម្បីទៅសម្ដែងចែកជូនដល់បងប្អូន ពលករខ្មែរ នៅប្រទេសកូរ៉េ បានទស្សនាកម្សាន្ត រយៈពេល២សប្ដាហ៍ នៅអំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកថវិកា ជួយដល់ជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតសំខាន់លើមនុស្សចាស់ជរា ស្រីពោះធំ និងកុមារគ្មានទីពឹង ជាដើម។
គម្រោងនៃការរៀបចំប្រគំតន្រ្តី ដែលមានការចូលរួមពីសំណាក់ តារាខ្មែរ និងតារាថៃ នៅលើទឹកដីកូរ៉េ នៅពេលនេះ គឺជាគោលដៅចំបងមួយ ដែលអង្គការ បានគិតគូទុកជាមុនប្រមាណ១ឆ្នាំមកហើយ ប៉ុន្តែទើបពេលនេះ មានឱកាស និងរៀបចំយ៉ាងឲ្យបានសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ខណៈដែលមានមនុស្សមួយចំនួន ក៏បានធ្វើការងាររួចទៅហើយ។
ប្រធានអង្គការ «ខ្ញុំខ្មែរ» លោក អេថិន ជានិច្ច បានថ្លែងថា រយៈពេល៤ឆ្នាំក្រោយមកនេះ អង្គការ «ខ្ញុំខ្មែរ» បង្កើតឡើង ក្នុងន័យជួយធានាយកតារាខ្មែរ ទៅសម្ដែងនៅក្រៅប្រទេសច្រើន លើករួចមកហើយ ដូចជានៅប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក និងនៅប្រទេសថៃ ជាដើម ដើម្បីផ្ដល់ឱកាសឲ្យតារាខ្មែរ បានទៅចេញទៅសម្ដែងនៅក្រៅប្រទេស និងដើម្បីប្រមូលថវិកាបរិច្ចាគ ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរខ្វះខាត បើទោះជាគម្រោងមួយនេះ តម្រូវឲ្យលោកចំណាយថវិកាផ្ទាល់ខ្លួន។
លោកបន្តថា បើលោកយកថវិកាដែលបានចំណាយទាំងអស់ប្រើប្រាស់ សម្រាប់ជួយអ្នកខ្វះខាត គឺមិនខុសពីលោកមិនបានចូលរួមបំផុស ពីសំណាក់អ្នកចង់ជួយសង្គមនោះទេ ហើយក៏មានន័យថា លោកមិនបានរួមចំណែកលើកស្ទួយសិល្បៈខ្មែរផងដែរ ទើបលោកសុខចិត្តចំណាយលុយ សកម្មភាពទាំងនេះ ហើយប្រមូលយកថវិកា ដែលបានពីការរ៉ៃអង្គាសទុកសម្រាប់ជួយ ដល់សង្គមវិញ។
លោក អេថិន ជានិច្ច បានសង្កត់ធ្ងន់ថា គ្មានអ្វីក្រៅពីការស្ម័គ្រចិត្តចូលគ្នា ដោយលោកមានធនធានខ្លះ មិត្តភក្តិមានខ្លះ ជួយម្នាក់បន្តិចៗទើបមានទុន ជួយបង្កើតកម្មវិធីផ្សេងៗតាមទឹកចិត្ត។ អង្គការរបស់លោកតែងតែនាំតារាខ្មែរ ទៅច្រៀងដើម្បីស្វែងរកថវិកា ជួយអ្នកក្រីក្រក្នុងកម្ពុជា ដើម្បីសម្រាលជីវភាព។
លោកបាននិយាយថា ដោយឡែក វត្តមានរបស់តារាកូរ៉េ នៅក្នុងគម្រោងព្រឹត្តិការណ៍នាថ្ងៃនោះ មិនសូវណាស់ណានោះទេ ប៉ុន្តែអ្វីដែលលោកចាត់ទុកថា ការប្រគំតន្ត្រីសម្រាប់ឆ្នាំនេះធំដុំជាងមុន គឺវត្តមានរបស់តារាចម្រៀងល្បី មកពីប្រទេសថៃ២ដួង គឺលោក ម៉ៃ ភិរមផន (Mike Phiromporn) ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងលូកធុង ដ៏ល្បីប្រចាំប្រទេសថៃ និង អ្នកនាង ស៊ុណារី រាជសីម៉ា (Sunare Ratchasima) ដែលជាតារាចម្រៀងល្បីល្បាញដូចគ្នា របស់ប្រទេសថៃ ទៅច្រៀងនៅក្នុងប្រទេសកូរ៉េនោះដែរ។
តារាចម្រៀងថៃទាំងពីរ មានបទចម្រៀងល្បីៗជាច្រើន ដោយតារាចម្រៀងល្បីៗនៅកម្ពុជា សឹងថាមិនមានតារាចម្រៀងកំពូលណាមួយ មិនធ្លាប់ចម្លងបទរបស់អ្នកទាំងពីរ យកមកច្រៀងនោះទេ។ តារាថៃទាំង២ដួង នឹងច្រៀងនៅក្នុងប្រទេសកូរ៉េនូវបទល្បីៗរបស់ខ្លួន ដែលភាគច្រើន គឺបទទាំងនោះមានបងប្អូនខ្មែរ បានស្គាល់ច្រើនបទរួចមកហើយ ដោយសារតែមានតារាចម្រៀងល្បីៗ នៅក្នុងប្រទេសកម្ពុជា យកមកបកប្រែច្រៀង ហើយទទួលបានការគាំទ្រ មិនខុសគ្នា។
សូមបញ្ជាក់ គម្រោងដឹកនាំតារាខ្មែរ ថៃ និងកូរ៉េ រហូតដល់៣០រូបឲ្យចេញទៅសម្ដែងនោះ នឹងចាកចេញទៅកាន់ប្រទេសកូរ៉េ នៅអំឡុងថ្ងៃទី១២ ឬ១៣ កុម្ភ: ហើយតារាទាំងអស់ក្រៅពីមានការប្រគំតន្ត្រី២ដង នៅទីតាំងផ្សេងគ្នា ក៏នឹងមានដំណើរទស្សនកិច្ច មិនតិចជាង២អាទិត្យនោះដែរ នៅលើទឹកដីកូរ៉េ។ តារាចម្រៀងខ្មែររួមមាន អ្នកនាង ចេន សាយចៃ, លោក អៀម វន្នី និងតារាក្មេងៗ ដែលមានប្រជាប្រិយភាពជាច្រើនទៀត ដែលនៅមិនទាន់ចង់បង្ហាញឈ្មោះ ក្នុងពេលស្ថិតនៅឆ្ងាយនៅឡើយ៕