(សៀមរាប)៖ ដោយសារតែមានកំណើនកើតឡើង នៃមនុស្សក្នុងការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត្រ ឆ្នាំ២០១៧ យ៉ាងច្រើននោះ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គ្រោងនឹងបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានកំណើនភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅឆ្នាំ២០១៨នេះ កាន់តែច្រើនថែមទៀត។
ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងឱកាសដែលអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាអំពីដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត្រឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បើតាមគម្រោងសម្រាប់ឆ្នាំទី៦នេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រអង្គរសង្ក្រាន្តនឹងកែសម្រួល ថែមទាំងមានបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានភាពទាក់ទាញកំណើនទេសចរកាន់តែខ្លាំងថែមទៀត។ កម្មវិធីបន្ថែមនោះ មានដូចជាកម្មវិធីបំបួសនាគ កម្មវិធីសមាធិនៅក្បែរប្រាសាទអង្គរវត្ត កម្មវិធីព្រៃប្រសិទ្ធ ដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើ និងសត្វព្រៃ និងកម្មវិធីបាញ់ព្រួញជាដើម។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិនៃព្រឹត្តការណ៍អង្គរសង្រ្កាន្ត តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា (ស.ស.យ.ក) និងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត។
លោក សុខ សប្បាយណា បានរៀបរាប់អំពីភាពជោគជ័យជាបន្តបន្ទាប់នៃព្រឹត្តការណ៍អង្គរសង្រ្កាន្ត រយៈពេល៥ឆ្នាំ កន្លងមក ជាពិសេសកំណើនភ្ញៀវមកទស្សនាកម្សាន្ត តាំងពីមានចំនួនប្រមាណ ជាង៧ម៉ឺននាក់ នៅឆ្នាំ២០១៣ កើនរហូតដល់ជាង១លាន៦សែននាក់ នៅឆ្នាំ២០១៧ កន្លងទៅ ។ ក្នុងនោះផងដែរ លោកក៏បានលើកឡើងនូវសំណើរចំនួន ១០៤ចំណុច ពាក់ព័ន្ធនឹងសមត្ថកិច្ច របស់អាជ្ញាធរជាតិអប្សរា ក្នុងការជំរុញឲ្យព្រឹត្តិការប្រព្រឹត្តទៅដោយរលូន ដូចជា ការកាត់មែកឈើបញ្ជៀសគ្រោះថ្នាក់ ការថែទាំទីធ្លារសៅបៃតងរហូតដល់កម្មវិធីមកដល់ និងទីតាំងរៀបចំកម្មវិធីជាដើម។
ជាការឆ្លើយតប លោក សុខ សង្វារ បានបង្ហាញពីជំហរគាំទ្រទាំងស្រុងចំពោះការប្រារព្ធនូវព្រឹត្តការណ៍អង្គរសង្រ្កាន្តនេះ ជាក់ស្តែង អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារអង្គរសង្ក្រាន្ត និងបានដំណើរការបណ្តើរៗខ្លះទៅហើយ។ ចំពោះសំណើដែលបានលើកឡើងមកនេះ អាជ្ញាធរជាតិអប្សរា នឹងបើកអង្គប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសំណូមពរនីមួយៗ ដើម្បីប្រគល់ជូនមន្ត្រីជំនាញដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។ លោកក៏បានបង្ហាញការប្តេជ្ញាចិត្តសហការ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីដំណើរការដោយរលូន និងកាន់តែជោគជ័យជាងឆ្នាំមុនៗថែមទៀត៕