(ភ្នំពេញ)៖ ជនបរទេសជាង២ម៉ឺននាក់ នៅទូទំាំងប្រទេសត្រូវបានកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃសហការជា មួយកម្លាំងនគរបាលអន្តោប្រវេសន៍ទាំង២៥រាជធានី-ខេត្ត ចុះដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ដែលពួកគេកំពុងកាន់កាប់។
ជនបរទេសទាំងនោះរួមមាន ជនជាតិវៀតណាម និងឡាវ ដែលរស់នៅទាំង២៥រាជធានី-ខេត្ត ក្នុងយុទ្ធនាការចុះដកហូត រយៈពេល២ខែមកនេះ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា យោងតាមអនុក្រឹត្យលេខ ១២៩អនក្រ.ប្រកចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចំនួន១៤ក្រុម របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះអនុវត្តការងារដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅទូទាំង២៥រាជធានីខេត្ត ក្នុងរយៈពេល ០២ខែកន្លងមកនេះ។
នាយឧត្តមសេនីយ៍បានថ្លែងទៀតថា «ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្រុមការងារ ទាំងអស់បានធ្វើការ ដកហូតឯកសាររដ្ឋបាលកម្ពុជាពីជនបរទេស ចំនួន៦,២៤៤គ្រួសារ មនុស្សរួម២១,១៦៧នាក់ (ស្រី ៩,៨២៩នាក់) មាន០២សញ្ជាតិ គឺវៀតណាម និងឡាវ ដែលដកហូតឯកសារសរុបចំនួន៩,៩៣៤ឯកសារ រួមមាន៖ សៀវភៅ ស្នាក់នៅចំនួន ៤,២១៩ក្បាល សៀវភៅគ្រួសារចំនួន៨៧៣ក្បាល សំបុត្រកំណើរ ខ្មែរចំនួន២,៧៣៧ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន១៥២ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១,៨៤៨ប័ណ្ណ លិខិតឆ្លងដែនខ្មែរ ចំនួន១០៥ក្បាល»។
ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងដល់ជនបរទេស ដែលកំពុងតែកាន់កាប់ប្រើប្រាស់ឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតីត្រូវចូលរួមសហការជាមួយ ក្រុមការងារ យកឯកសារដើមមកឲ្យសមត្ថកិច្ចធ្វើការដកហូត ហើយជនបរទេស ដែលបានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីរួចហើយអាចមានជំរើស២យ៉ាងគឺ៖ ទី១-អាចត្រឡប់ទៅប្រទេសដើមវិញ
និងទី២-អាចដាក់ពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ ដែលត្រូវបានត្រួតពិនិត្យ និងសំរេចដោយអាជ្ញាធរមានសមត្ថកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា៕