(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាល កម្រិតមូលដ្ឋានស្តីពី «ភាពជាអ្នកដឹកនាំ» នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកយកពីសារៈសំខាន់នៃការក្លាយទៅជាអ្នកដឹកនាំ និងបានពន្យល់ណែនាំបុគ្គលិកមន្រ្ដីធនាគារជាតិទាំងអស់ថា ធ្វើយ៉ាងណាដើម្បីក្លាយទៅ ជាអ្នកដឹកនាំដ៏ល្អមួយរូប នៅក្នុងសង្គម។
លោកបានលើកឡើងទៀតថា ភាពជាអ្នកដឹកនាំ មិនមែនបានមកពីទេពកោសល្យពីកំណើតនោះទេ តែបានមកពី មនុស្សម្នាក់ៗ ខិតខំបណ្ដុះបណ្ដាល ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីក្លាយទៅជាងអ្នកដឹកនាំមួយរូប។
ការលើកឡើងបែបនេះរបស់លោក ទេសាភិបាលធនាគារជាតិនៃកម្ពុជានេះធ្វើឡើង នាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធី បណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពី សម្រាប់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាលើកទី៥ នាពេលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់មន្រ្ដីធនាគារជាតិនៃកម្ពុជា។
លោកទេសាភិបាលបានលើឡើងថា «ភាពជាអ្នកដឹកនាំ គឺជាដំណើរការនៃឥទ្ធិពលនៅក្នុងសង្គមមួយ ដែលមនុស្សម្នាក់ អាចជួយ និងគាំទ្រអ្នកដទៃទៀត ដើម្បីសម្រេចគោលដៅរួម។ ភាពជាអ្នកដឹកនាំ មិនចាំបាច់ជាទេពកោសល្យដែលបាន មកពីកំណើតទេ គឺយើងម្នាក់ៗអាចបណ្តុះបណ្តាលវាបន្ថែមបាន»។
លោកបានបញ្ជាក់ទៀតថា «ប្រសិនបើបុគ្គលណាម្នាក់ មានភាពជាអ្នកដឹកនាំខ្ពស់ បុគ្គលនោះនឹងអាចស្វែងយល់ពីខ្លួនឯង បានច្បាស់ ស្គាល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា មានគំនិតច្នៃប្រឌិតខ្ពស់ និងមានសមិទ្ធផលការងារល្អ ជាប់ជាលំដាប់ ហើយបុគ្គលនោះ ក៏អាចយកទ្រឹស្ដីទៅ អនុវត្តជាក់ស្ដែង បានយ៉ាងល្អទៀតផង។ ម្យ៉ាងទៀត មន្រ្តីដែលមានសមត្ថភាពដឹកនាំខ្ពស់ គឺតែងតែមានការប្រាស្រ័យ ទាក់ទងល្អ ជាមួយមិត្ តរួមការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយចេះសម្របខ្លួនបានទៅនឹងការងា នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទាំងអស់ ជាពិសេសបុគ្គលនោះតែងតែ ទទួលបានជោគជ័យទាំក្នុងការងារ និងជីវិតផ្ទាល់ខ្លួន»។
លោកបញ្ជាក់ទៀតថា ដើម្បីបំពេញការងារក្នុងតួនាទីជាអ្នកដឹកនាំ មន្រ្តីទាំងអស់ត្រូវមានជំនាញ ឬសមត្ថភាពជាមូលដ្ឋាន ទៅតាមកម្រិតនៃមុខតំណែង និងការទទួលខុសត្រូវ មានន័យថាមន្រ្តីបុគ្គលិកចាប់ផ្តើម ពីការដឹកនាំខ្លួនឯងឲ្យបានល្អ មុននឹង ឈានទៅរកការដឹកនាំអ្នកដទៃ ឬក្រុមនិងដឹកនាំនៅក្នុង មុខតំណែងខ្ពស់។ ជំនាញដែលត្រូវអភិវឌ្ឍក្នុងការ ដឹកនាំខ្លួនឯង រួមមាន៖ ជំនាញគ្រប់គ្រងខ្លួនឯង, វិន័យផ្ទាល់ខ្លួន, ការជឿជាក់លើខ្លួនឯង និងមានឆន្ទៈខ្ពស់ ក្នុងការបំពេញការងារ។
លើសពីនេះទៀត សមត្ថភាពដែលត្រូវអភិវឌ្ឍនៅក្នុងកម្រិត ដឹកនាំក្រុម មានដូចជា៖ សមត្ថភាពយល់ដឹងពីបរិយាកាសការងារ, ការវិនិច្ឆ័យប្រកបដោយ យុទ្ធសាស្រ្ត, សមត្ថភាពបណ្តុះបណ្តាល ជំនាញសមាជិកក្រុម និងសមត្ថភាពជម្រុញលើក ទឹកចិត្ត។ ចំពោះមុខតំណែង និងការទទួលខុសត្រូវ ការងារកាន់តែខ្ពស់ ជំនាញដែលត្រូវ អភិវឌ្ឍបន្ថែមក៏កាន់តែច្រើនគឺ៖ ជំនាញ ប្រាស្រ័យទាក់ទងការងារ, ជំនាញភ្ជាប់ បណ្តាញការងារ, យុទ្ធសាស្រ្ត សហប្រតិបត្តិការការងារ និងសមត្ថភាពយល់ដឹងនៅ ក្នុងសង្គម ក៏កាន់តែខ្ពស់ផងដែរ។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា តែងតែផ្តួចផ្តើមធ្វើឯកទេសកម្មលើមុខជំនាញជាច្រើនដូចជា៖ ជំនាញត្រួតពិនិត្យ ធនាគារ, ជំនាញវិភាគហិរញ្ញវត្ថុ និងគណនេយ្យ។ល។ ដើម្បីធ្វើយ៉ាងណាបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្រ្ដីបុគ្គលិកទាំងអស់ឲ្យមានចំណេះចេះដឹងកាន់តែច្រើនឡើងៗ សំដៅធ្វើយ៉ាងណា ធ្វើឲ្យបាននូវគុណភាព ប្រសិទ្ធភាព និងនិរន្ដភាពការងារ៕