(ក្រចេះ)៖ ក្រុមអាជីវករជាច្រើននាក់នៅផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានផ្ទុះការតវ៉ា និងខឹងសម្បាជាមួយអ្នកវិនិយោគ ក៏ដូចជាអាជ្ញាធរ បែងចែកតូបរបស់ពួកគាត់មិនត្រូវតាមលេខរៀងតូបចាស់ ដែលបានព្រមព្រៀងគ្នាមុនពេលសាងសង់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២១០១៦ក្នុងពេលធ្វើដំណើរទៅខេត្តក្រចេះនោះ សម្តេចបានជួយសាងសង់តូប និងដំបូលផ្សារអូរឫស្សីនេះជូនក្រុមអាជីវករឲ្យបានលក់ដូរសមរម្យ ព្រមទាំងបានបញ្ជាក់ទៀតថា ទីតាំងតូបត្រូវរក្សាទៅតាមទីតាំងជាក់ស្តែងមិនឲ្យមានការប្តូរផ្លាស់នោះឡើយ។
ផ្ទុយពីអ្វីដែលជាអនុសាសន៍នេះ ក្រុមអ្នកវិនិយោគផ្សារបានឆ្លៀតសាងសង់បង្កើនចំនួនតូប ហើយថែមទាំងបង្ខំក្រុមអាជីវករឲ្យទទួលយកតូបមិនចំទីតាំងចាស់ថែមទៀតផង។ នេះបើតាមការអះអាងរបស់ក្រុមអាជីវករ។
ក្នុងញ្ញត្តិស្វែងរកអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្រុមអាជីវករបានអះអាងថា ក្រុមអ្នកវិនិយោគផ្សារ បានចំនួនតូបរហូតដល់៧០០តូប លើសពីចំនួនតូបចាស់ដែលមានត្រឹមតែ៥២៣តូប។
ក្នុងញត្តិបានគូសបញ្ជាក់ដូច្នេះ «បច្ចុប្បន្នតំណាងអ្នកវិនិយគបានធ្វើដល់ចំនួន ៧០០តូប នៅតែថាបែងចែកមិនគ្រាន់ ដោយតម្រូវឲ្យយើងខ្ញុំជាអាជីវករចាស់រំកិលខុសទីតាំង ដែលបានកំណត់នៅពេលចរចាគ្នា។ ម្យ៉ាងទៀត យើងខ្ញុំបានទទួលព័ត៌មានថា មានការលក់ដូរតូបយ៉ាងច្រើនក្នុងតម្លៃពី ២,៥០០ដុល្លារឡើងទៅ ចំពោះតូបបន្លែ ត្រី សាច់ និង ៥,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ ចំពោះតូបលក់គ្រឿងទេសសម្រាប់អាជីវករថ្មីៗ ហើយចំពោះអ្នកចាស់តម្រូវឲ្យបង់ប្រាក់ចាប់ពី ៥០ដុល្លារ ដល់ ២០០ដុល្លារ ដែលផ្ទុយពីអនុសាសន៍របស់សម្តេចថា ការបែងចែកមិនឲ្យយកប្រាក់»។
ក្រុមអាជីវករថែមទាំងបញ្ជាក់ទៀតថា ក្រុមអ្នកវិនិយោគថែមទាំងបង្ខំឲ្យអាជីវករមួយចំនួនផ្តិតមេដៃយកតូប ដែលអ្នកវិនិយោគបានបែងចែងឲ្យថែមទៀតផងដែរ។ ពេលខ្លះការបង្ខំនេះ បាននាំឲ្យមានការប៉ះពារពាក្យសម្តីសម្តីរវាងក្រុមអាជីវករ និងអ្នកវិនិយោគផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ និងជាប្រធានគណៈកម្មការសាងសង់ផ្សារអូរឫស្សី បានទទួលស្គាល់ពិតជាមានការសង់សង់តូបបន្ថែមជាង ១០០តូបពិតមែន តែការសាងសង់តូបបន្ថែមគឺសាងសង់លើដីទំនេរមិនបានប៉ះពាល់ទីតាំងតូបចាស់របស់អាជីវករនោះឡើយ។
បើតាមលោក យិន វណ្ណៈ អ្វីដែលនាំឲ្យមានជម្លោះក្នុងការបែងចែកតូបនេះ ក៏ព្រោះតែមានអាជីវករមួយចំនួន ដែលបានដោះដូរតូបពីទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ទៅយកតូបទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ បានចាប់យកតាមចិត្តរបស់ខ្លួន ដោយមិនព្រមធ្វើតាមការបែងចែករបស់គណៈកម្មការផ្សារ ទើបនាំឲ្យមានជម្លោះបែបនេះ។
បើទោះបីជាយ៉ាងណាអាជីវករប្រមាណជា ៩៧ភាគរយហើយ បានទទួលយកការបែងចែកតូបថ្មីនេះ នៅសល់តែ ៣ភាគរយទៀតប៉ុណ្ណោះកំពុងមានបញ្ហា ហើយអាជ្ញាធរខេត្តក៏កំពុងសម្របសម្រួល និងដោះស្រាយផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក យិន វណ្ណៈ៕