(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅចំណុចមុខហាងម៉ាង ចាន់ថន លក់គុយទាវកាហ្វេកោះក្របី តាមផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបង្កឡើងពីរថយន្តដឹកថ្មមិចមួយគ្រឿង បានបើកបុករះម៉ូតូចំនួន៥គ្រឿង និងជ្រុលទៅបុករថយន្តមួយគ្រឿងទៀតនោះ បានបណ្តាលឲ្យជនរងគ្រោះ២នាក់ (ក្មេងតូចម្នាក់) បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ដែលជាក្រុមគ្រួសារតែម្តង។
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីបង្កខាងរថយន្ត បានផ្តល់សំណងចំនួន៤៥០០ដុល្លារ ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ ដែលបានស្លាប់ និងរបួស ប៉ុន្តែសម្រាប់សំណងនេះ ខាងក្រុមគ្រួសាររងគ្រោះ មិនបានពេញចិត្ត និងមិនអាចទទួលយកនោះទេ ពីព្រោះថា ត្រឹមប្រាក់ប៉ុណ្ណេះ គ្រាន់តែយកទៅចំណាយព្យាបាលអ្នករងរបួស មិនគ្រប់ផង ចុះឯទៅថវិកាសម្រាប់ធ្វើពិធីបុណ្យសម ជនរងគ្រោះ២នាក់ទៀត។ ក្រុមគ្រួសាររងគ្រោះ បានដាក់ពាក្យប្តឹងដោយទាមទារសំណងចំនួន២ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា ស្ត្រីម្នាក់បានជិះម៉ូតូដឹកកូនប្រុស និងក្មួយស្រីតូច អាយុ៣ឆ្នាំម្នាក់ ទៅទិញគុយទាវហូបពេលព្រឹក ពេលទៅដល់ក៏ឈប់អង្គុយចាំលើម៉ូតូក្បែរចិញ្ចើមផ្លូវ ចាំគេយកគុយទាវមកឱ្យ លុះបន្តិចក្រោយមក រថយន្តដឹកថ្មមួយគ្រឿង កំពុងបើកបរក្នុងល្បឿនយ៉ាងលឿន ស្រាប់តែបែកកង់ធ្វើឱ្យរេចង្កូតជ្រុលទៅបុកកិនម៉ូតូស្ត្រីរងគ្រោះ បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូ ព្រមទាំងក្មួយស្រីតូចស្លាប់នៅនឹងកន្លែង ចំណែកកូនប្រុសម្នាក់ខ្ទាតផុតរងរបួសធ្ងន់ រីឯរថយន្តបានជ្រុល ទៅបុករះម៉ូតូ៥គ្រឿង និងរថយន្តបែន១គ្រឿងទៀត ទើបក្រឡាប់។
សាច់ញាត់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ឆែម រតនៈ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ (ជាម្តាយមីង) ទី២-ឈ្មោះពេជ្រ វណ្ណលីដា អាយុ៣ឆ្នាំ (ជាក្មួយស្រី) និងទី៣ដែលរងរបួសធ្ងន់ឈ្មោះ តុល ចាន់រ៉ូណា អាយុ៣ឆ្នាំ ត្រូវជាកូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះ ឆែម រតនៈ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជនរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1A-1311 និងរស់នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ ឈុំ ណែម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម មិនមានស្លាកលេខ ជារថយន្តដឹកថ្មម៉ិច ចំណុះ៥តោន។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ក្រោយពីរថយន្តដឹកថ្មបុកកិនសាច់ញាត់ពួកគាត់ បណ្តាលឲ្យស្លាប់២នាក់ នៅនិងកន្លែង និងរងរបួសធ្ងន់ម្នាក់ រួចបន្តទៅបុករះម៉ូតូ៥គ្រឿង និងរថយន្តបែនមួយគ្រឿងទៀតនោះ តំណាងខាងរថយន្តបង្ក បានសម្របសម្រួលជាមួយម៉ូតូ និងរថយន្តខូចខាតរួចរាល់អស់។ រួចហើយបានមកសម្របសម្រួលជាមួយពួកគាត់ ដោយស្លាប់២នាក់ និងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ គឺសង់ជាប្រាក់ចំនួន៤៥០០ដុល្លារ ដូច្នេះជីវិតស្លាប់ទាំងមូលតំណាងរថយន្ត បង់ឲ្យត្រឹមតែម្នាក់ជាង១ពាន់ដុល្លារតែប៉ុណ្ណោះ។
ក្រុមគ្រួសារសពបានបន្តថា ចំពោះប្រាក់ជាង៤ពាន់ដុល្លារនេះ សម្រាប់តែព្យាបាលម្នាក់រងរបួស គឺវាមិនគ្រប់ផង ចុះទំរាំអ្នកស្លាប់២នាក់ទៀត ក្រុមហ៊ុនហាក់ដូចជា មិនទទួលខុសត្រូវលើរថយន្តខ្លួន ធ្វើឲ្យបាត់បង់ជីវិតមនុស្ស គួរណាស់មានសំណងឲ្យបានសមរម្យដល់គ្រួសារពួកគាត់ ដោយពួកគាត់សុំណងដល់អ្នកស្លាប់ត្រឹមតែម្នាក់២ម៉ឺនដុល្លារ ចំណែកអ្នករងរបួសសុំឲ្យជួយព្យាបាល ម៉ាជាក៏បានដែរ ឬក៏ផ្តល់សំណង់ទាំងអស់តែម្តងទៅក៏បានដែរ។
ជាមួយគ្នានោះ ពួកគាត់សំណូមពរដល់នគរបាលចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយមានវិធានការទៅលើអ្នកបើកបរ ឲ្យបានសមរម្យ ជាពិសេសស្ថាប័នតុលាការ គួរពិនិត្យពិចៃរកយុត្តិធម៌មិនលម្អៀង ដើម្បីឲ្យពួកគាត់ជាក្រុមគ្រួសារជនរងគ្រោះ ទទួលបានយុត្តិធម៌ផង និងសំណូមពរដោយទទូចសូមសូមឲ្យតំណាងក្រុមហ៊ុន មានសំណងឲ្យបានសមរម្យផង ការដែលក្រុមហ៊ុនមានសំណងបែបនេះ គឺហាក់មើលស្រាលលើជីវិតអ្នកស្លាប់ ដោយសារកំហុសខ្លួនមិនពិនិត្យលើបច្ចេកទេស និងបើកលឿនហួសល្បឿនកំណត់៕