(រតនគិរី)៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកកូនមុំ ខេត្តរតនគិរី ចាប់ខ្លួនពាក់ព័ន្ធរំលោភប្អូនថ្លៃ បានសម្រេចជាច្រើនដង តែទើបបែកធ្លាយដល់បងស្រីបង្កើត (ប្រពន្ធ) បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ឃុំត្រពាំងក្រហម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកកូនមុំ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នគរបាលជំនាញស្រុកកូនមុំ បានទទួលពាក្យបណ្តឹងពីបងស្រីបង្កើតជនរងគ្រោះ ត្រូវជាប្រពន្ធជនសង្ស័យ។ ស្រ្តីរូបនេះ បាននិយាយថា ប្តីរបស់ខ្លួនបានរំលោភប្អូនស្រីបង្កើត (ប្អូនថ្លៃ) យូរណាស់មកហើយ តែខ្លួនមិនដឹងចេះតែសង្ស័យ ទើបដាក់ពាក្យបណ្តឹងនៅនគរបាល ប៉ុស្តិ៍ត្រពាំងក្រហម។
របាយការណ៍បានបន្តថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការនគរបាលស្រុកកូនមុំ បានកោះហៅជនសង្ស័យមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានរំលោភប្អូនថ្លៃពិតប្រាកដមែន។ ជនសង្ស័យឈ្មោះ សែម សារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ចំណែកនារីរងគ្រោះឈ្មោះ ហ.ស.ល អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា សមត្ថកិច្ចបានបញ្ជូននារីរងគ្រោះទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពីការសាកសួរចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះយ៉ាងខ្លីថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ តែបានបង្វែរឲ្យសួរទៅខាងអយ្យការអមសាលាដំបូងវិញ ប៉ុន្តែទូរស័ព្ទចូល លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី តែគ្មានអ្នកទទួល៕