(ភ្នំពេញ)៖ ភាពយន្តឆ្លុះបញ្ចាំង ពីការរស់នៅក្នុងសម័យលង្វែក និងនិយាយពីជំនឿ មន្តអាគមអូមអាម មានចំណងជើងថា «ធ្មប់» ដែលជាវណ្ណកម្មថ្មី របស់អ្នកដឹកនាំរឿង «វិកលចារិត» គឺលោក ហ៊ុយ យ៉ាឡេង បានធ្វើពិធីសម្ពោធជាផ្លូវការហើយ នៅរោងកុនមេជ័រ «Major Cineplex» នាល្ងាចថ្ងៃទី២២ ខែមករានេះ ដែលមានការចូលរួមទាំងតារាសម្តែង និងមិត្តភក្តិ សិល្បករ-សិល្បការិនី ផលិតករ និងមន្រ្តីក្រសួងវប្បធម៌ យ៉ាងច្រើនកុះករ ខណៈដែលផលិតករ បានសម្ដែងក្ដីរំពឹងខ្ពស់ ក្នុងការទទួលជោគជ័យ ពេលដាក់បញ្ចាំងរួច។
លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍, ជាតួអង្គឯកក្នុងរឿង និងជាផលិតកករផងនោះ បានថ្លែងឲ្យដឹងថា រឿង «ធ្មប់» ជារឿងប្រភេទបែបបុរាណរន្ធត់ ដែលបង្ហាញពីសម័យលង្វែក និងវិជ្ជាអាគមធ្មប់ ដែលកំរមានភាពយន្តខ្មែរ សម័យបច្ចុប្បន្ន លើកយកមកបង្ហាញក្នុងផ្ទាំង ទស្សនីយភាពខ្នាតយក្ស នេះណាស់។ ជាការដែលគួរឲ្យកត់សម្គាល់ នៅពេលដែលឈុតខ្លីៗ និង វីដេអូ Teaser និងរូប Poster កន្លងមកតាមបណ្តាយសង្គម មានការឆ្លើយតប និង ខំមិនជាច្រើន លើសលប់ ទាក់ទងនឹងការទន្ទឹងរង់ចាំជាយូរ ចំពោះរឿងនេះ។
ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ បានបន្តថា រឿង «ធ្មប់» មានដំណាលថា នាសម័យលង្វែក មានសេដ្ឋីម្នាក់ឈ្មោះ រាជ មានកូន២នាក់ បងប្រុសឈ្មោះឯក និងប្អូនស្រីឈ្មោះច័ន្ទ និងភរិយាដ៏ស្រស់ស្អាតឈ្មោះទេពល័ក្ខ។ គ្រួសារនេះរស់នៅយ៉ាងសុខសាន្ត ក៏ប៉ុន្តែបន្ទាប់ពី រាជ មកពីជួញដូរវិញ ត្រូវចោប្លន់កាប់ឲ្យរបួស រឿងហេតុអាក្រក់ទាំងឡាយ ត្រូវបានកើត ឡើងនៅផ្ទះរបស់រាជ អណ្តូងរីងស្ងួត មនុស្សចាប់ផ្តើមបាត់ខ្លួន សូម្បីតែសត្វគោក៏ត្រូវបាត់ខ្លួនដែរ រាជមានអាការៈចម្លែកៗទៅ ដែលប្អូនថ្លៃឈ្មោះទេពពង្ស មានការសង្ស័យថា រាជត្រូវអំពើរធ្មប់ រឿងរ៉ាវឈ្លោះគ្នា និងដំណោះស្រាយ ភាពព្រឺព្រួចនាពេលរាត្រីបានកើតឡើង!។
លោក ហ៊ុយ យ៉ាឡេង បញ្ជាក់បន្ថែមថា ដោយឡែកមានប្រជាជនខ្មែរខ្លះ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសកូរ៉េ បានទទូចឲ្យក្រុមផលិតកម្ម នាំយករឿងទៅបញ្ចាំង នៅប្រទេសកូរ៉េកុំឲ្យខាន។
សូមបញ្ជាក់ថា កន្លងមកភាពយន្តរឿង «វិកលចារិត» របស់លោក ហ៊ុយ យ៉ាងឡេង គឺជាភាពយន្តខ្មែរមួយក្នុងចំណោម ភាពយន្តខ្មែរដទៃទៀត ដែលទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជនខ្មែរ។ ក្រុមហ៊ុនពូ ព្រហ្ម មានកិត្តិយសដែលទទួលបានការទុកចិត្តពី ផលិតកម្មមាតុចក្រហ្វីលចែកចាយ រឿង «ធ្មប់» មួយនេះ នៅតាមរោងភាពយន្ត ក្នុងប្រទេសកម្ពុជា។ ប្រជានចាត់ការទូរទៅក្រុមហ៊ុពូព្រហ្មអិនធឺធេនមេន សង្ឃឹមថា រឿង «ធ្មប់» នឹទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់ទស្សនិកជនខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ រឿង «ធ្មប់» នឹងចាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់ នៅថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ ខាងមុខ នេះ៕