(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ជាច្រើននាក់ ដើម្បីប្រមូលរាល់កាកសំណល់សម្រាមផ្សេងៗយ៉ាងច្រើន ក្នុងការទប់ស្កាត់ផលប៉ះពាល់ផ្នែកបរិស្ថាន លើសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការកកស្ទះប្រព័ន្ធលូ ដោយសារសម្រាម និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។
យុទ្ធនាការនេះធ្វើឡើងក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា មានអ្នកមួយចំនួននៅពុំទាន់យល់ដឹងបានច្បាស់អំពីផលប៉ះពល់ ក្នុងការវេចខ្ចប់ទុកដាក់កាកសំណល់សម្រាមឲ្យបានល្អ ដើម្បីឲ្យរថយន្ដរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនមួយទទួលខុសត្រូវ ក្នុងការប្រមូលដឹកកាកសំណល់សម្រាមយកទៅចោលការកំណត់នោះទេ។
ការប្រមូលកាកសំណល់សម្រាម ដើម្បីទប់ស្កាត់ផលប៉ះពាល់ផ្នែកបរិស្ថានលើសុខភាពប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ការកកស្ទះប្រព័ន្ធលូ ពិសេសដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ របស់ប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវលំ កែងផ្លូវជាតិលេខ៥ ក្នុងក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមលោកស្រី អាន ផល្លា បានឲ្យដឹងផងដែរថា រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី បាននិងកំពុងសហការចាប់ដៃយ៉ាងស្អិតជាមួយរថយន្ដរបស់ក្រុមហ៊ុនស៉ិនទ្រី ដើម្បីប្រមូលរាល់កាកសំណល់សម្រាមផ្សេងៗ ទើបទាមទារឲ្យមានយល់ដឹងច្រើនពីការវេចខ្ចប់ទុកដាក់សម្រាមឲ្យបានល្អ ដើម្បីបង្ការទប់ស្កាត់ទាំងការកកស្ទះប្រព័ន្ធលូ ដោយសារសម្រាម ពិសេសសម្រាមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពរបស់ប្រជាពលរដ្ឋ តែបើក្នុងករណីមិនមានកិច្ចសហការល្អពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទេ មិនអាចទទួលបានជោគជ័យឡើយ «ពោលដើម្បីទីក្រុងស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានផាសុខភាព គឺផ្ដើមចេញពីយើងទាំងអស់គ្នា»៕