(កោះកុង)៖ បន្ទាប់ពីមានកកម្មករ-កម្មការិនី ចំនួន១០៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរោចក្រ KKN នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ភ្លាមៗនោះលោកស្រីអភិបាលខេត្តកោះកុង មិថុនា ភូថង បានចុះសួរសួរទុក្ខផ្ទាល់ នៅមន្ទីរពេទ្យ និងបានណែនាំដល់គ្រូពេទ្យទាំងអស់យកចិត្តទុកដាក់ មើលថែដល់ជនរងគ្រោះ។
លោកស្រី មិថុនា ភូថង បានប្រាប់ទៅបងប្អូនទាំងអស់ កុំមានការព្រួយបារម្មណ៍ ព្រោះមានក្រុមលោកគ្រូពេទ្យយើងកំពុងដុតដៃជើង ដើម្បីព្យាបាលបងប្អូន យ៉ាងយកចិត្តទុកដាក់ ហេតុដូច្នេះសូមឲ្យក្រុមគ្រួសារ និងកម្មការិនីទាំងអស់កុំមានការភិតភ័យអ្វីឡើយ។ សូមឲ្យបងប្អូនកម្មការិនីទាំងអស់គិតពីសុខភាព មិនត្រូវគិតអ្វីផ្សេងៗទេ។
លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា ក្រុមលោកគ្រូពេទ្យរបស់លោក បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូន ហើយការចូលមកសម្រាកព្យាបាលនេះ ខាងមន្ទីរពេទ្យមិនតម្រូវឲ្យបងប្អូនបង់ថ្លៃសេវាឡើយ។ ក្រុមគ្រូពេទ្យអនុវត្តន៍ទៅតាមតួនាទីជានិច្ច មិនគិតពីភាពនឿយហត់ឡើយ មិនថា ថ្ងៃឬយប់នោះទេ។
ក្រមកម្មករ-កម្មការិនី រោងចក្រដែលដួលសន្លប់ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យពួកគេដួលសន្លប់ បណ្តាលមកមានក្លិនប្រេងម៉ាស៊ីនជះចូល ក្នុងរោងចក្រទើបបណ្តាល ឲ្យដួលសន្លប់ជាបន្តបន្ទាប់។ បើតាមតំណាងកម្មករម្នាក់ បាននិយាយថា មុនកើតហេតុគេឮសម្លេងផ្ទុះចេញពីត្រាក់ទ័រកាយដី (បែកទុយូរប្រេង) មួយសន្ទុះក្លិនប្រេង បានជះក្លិនចូលរោងចក្រ ធ្វើឲ្យកម្មករ-កម្មការិនី បម្រើការក្នុងនោះដួលសន្លប់ជាបន្តបន្ទាប់តែម្តង៕