(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅឆ្នាំ២០១៧ កងរាជអាវុធបានបង្ក្រាបបទល្មើស ចំនួន២,៧២៧លើក និងជនពាក់ព័ន្ធ៤,៨១៩នាក់ ត្រូវបានស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនចំនួន៤,១៨៨នាក់។
ការថ្លែងឲ្យដឹងបែបនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដទៀតថា កងរាជអាវុធហត្ថទទួលបានពាក្យបណ្ដឹងចំនួន៣២៣ច្បាប់ ចាត់ការបាន១២៦ច្បាប់ នៅសល់១៩៧ច្បាប់ និងទទួលដីកាចំនួន៤,៤៧៥ដីកា ក្នុងនោះបានអនុវត្តរួចចំនួន២,៦៣០ដីកា កំពុងបន្ដអនុវត្តតាមនីតិវិធី។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា ក្រៅពីតួនាទី ភារកិច្ចស្នួល កងរាជអាវុធហត្ថបានបញ្ជូនកម្លាំង មធ្យោបាយគ្រឿងបំពាក់ សហការជាមួយបណ្ដាស្ថាប័ននានាចំនួន១៤,៨៣៣នាក់ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងបទបញ្ជាដោយបានបង្ក្រាបបទល្មើស៖
* បង្ក្រាបការប្រមូលដឹកជញ្ជូន សន្និធិផល អនុផលព្រៃឈើដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣៤៥នាក់ (ឃុំខ្លួនចំនួន១០១នាក់ អប់រំចំនួន២៤៤នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
* បង្ក្រាបបទល្មើសធនធានរ៉ែធ្វើ ការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ (ឃុំខ្លួនចំនួន៣នាក់ អប់រំ៩នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
* បង្ក្រាបបទល្មើសកាប់រានទន្ទ្រានដីរដ្ឋ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
* បង្ក្រាបបទល្មើសនេសាទចំនួន២៧៣លើក និងចាប់យកវត្ថុតាងមួយចំនួន។
* បង្ក្រាបអំពើគេចពន្ធគយចំនួន១,៩៥០លើក និងរថយន្ដអត់បង់ពន្ធចំនួន ១២៤គ្រឿង៕