(ភ្នំពេញ)៖ មន្រ្តីក្រសួងយុត្តិធម៌ចំនួន៦២រូប មកពីអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងចំនួន១៥ខេត្ត បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកបទពិសោធន៍ពីមន្ត្រីជំនាញនានា របស់សាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចដែលលោក នេត្រ ភក្ត្រា ប្រធាន ទីស្តីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានគូសបញ្ជាក់ថា ពិតជាមានសារៈសម្រាប់មន្ត្រីទាំងនេះ ក្នុងការដកស្រង់បទពិសោធល្អៗ ដែលបានអនុវត្តនៅតុលាការចម្រុះកម្ពុជា-អង្គសហប្រជាជាតិ ដើម្បីយកទៅអនុវត្តនៅក្នុង ប្រព័ន្ធយុត្តិធម៌ថ្នាក់ជាតិ។
វាគ្មិនមកពីផ្នែកផ្សេងៗគ្នា នៃសាលាក្តីខ្មែរក្រហមបានធ្វើបទបង្ហាញរបស់ខ្លួន ដើម្បីជម្រាបជូនក្រុមមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទងនឹងផ្នែកកិច្ចការរដ្ឋបាលផ្នែកកិច្ចការ រដ្ឋបាលសំណុំរឿងផ្នែកទំនាក់ទំនងសាធារណៈ ផ្នែកបច្ចេកវិជ្ជាព័ត៌មាន ផ្នែកគ្រប់គ្រងតុលាការ និងផ្នែកហិរញ្ញវត្ថុ និងថវិកា។ ផ្នែកទាំងអស់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យរដ្ឋបាល ហើយដើរតួនាទីបំពេញគ្នាទៅវិញទៅមក។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី បានគូសបញ្ជាក់ថា ការិយាល័យរដ្ឋបាលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រទ្រទ្រង់លើដំណើរការតុលាការ ដើម្បីធានាថា សាលាក្តីនេះ អាចដំណើរការកិច្ចការរបស់ខ្លួនដោយជោគជ័យ។
សូមបញ្ជាក់ថា សាលាក្តីខ្មែរក្រហមគឺជាតុលាការទី១ នៅក្នុងប្រទេសកម្ពុជាដែល បានរៀបចំបែងចែកដាច់ ដោយឡែកពីគ្នារវាងផ្នែកអង្គជំនុំជម្រះ និងការិយាលយរដ្ឋបាល ប៉ុន្តែបានធ្វើការបពេញឱ្យគ្នាទៅវិញទៅមក។ គំរូនេះត្រូវបានបញ្ចូលទៅក្នុងដំ ណើរការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតឱ្យ មានអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ ក្រោមចំណុះក្រសួងយុត្តិធម៌ ហើយមានលេខាធិការដ្ឋានរដ្ឋបាល នៅតាមតុលាការនានា ក្នុងទិសដៅគ្រប់គ្រងការងារផ្នែករដ្ឋបាល។
ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមបានផ្តល់នូវបទពិសោធ និងការអនុវត្តល្អៗជាច្រើន នៅក្នុងប្រព័ន្ធយុត្តិធម៌ និងជាពិសេស គឺការពង្រឹងសមត្ថភាព ដល់មន្ត្រីបុគ្គលិកដែលបម្រើការងារ នៅសាលាក្តីនេះ ហើយអាចយកបទពិសោធដែល មាននៅសាលាក្តីខ្មែរក្រហមទៅអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព ការងារឱ្យកាន់តែខ្លាំង៕