(ភ្នំពេញ)៖ ជុំវិញការបង្កើតចលនាសង្រ្គោះជាតិដោយបំពានច្បាប់របស់លោក សម រង្ស៊ី ហើយក៏ត្រូវបានក្រសួងមហាផ្ទៃប្រកាសព្រមានធ្ងន់ៗថា ជនទាំងឡាយណាដែលចូលរួម ឬពាក់ព័ន្ធនឹងចលនាខុសច្បាប់នោះ ច្បាប់នឹងចាត់វិធានការដោយមិនឱ្យរួចខ្លួនឡើយ។ ស្របពេលជាមួយនេះគណបក្សសញ្ជាតិកម្ពុជា ដែលជាគណបក្សមានអសនៈនៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះលោក សម រង្ស៊ី និងបក្ខពួក ដែលបង្កើតចលនាសង្រ្គោះជាតិមានបំណងចង់ញុះញង់បំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា។
គណបក្សសញ្ជាតិកម្ពុជា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ចលនាឧទ្ទាមខុសច្បាប់នេះ ញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មី ដើម្បីអំណាចរបស់ខ្លួន និងបក្សពួក ទោះបីជាមិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ»។
បណ្តាញព័ត៌មាន Fresh News ទទួលបានសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជានៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ក្រោយតុលាការកំពូលកម្ពុជារំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ឃុបឃិតជាមួយ បរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នៅកម្ពុជា។ លោក កឹម សុខា ត្រូវបានចាប់ដាក់គុកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ ភាពរវើរវាយចង់អោយសាកសពគណបក្ស សង្គ្រោះជាតិរស់ឡើងវិញ ការយកបរទេសធ្វើជាម៉ែឪនិងការចង់អោយឈាមខ្មែរជាថ្មីផងពីសំណាក់ទណ្ឌិត សម រង្សី កឹម សុខា និងអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិបានខិតខំប្រឹងប្រែងបំភ្លៃការពិត នៃការកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិដល់សហគមន៍ជាតិ និងអន្តរជាតិ បើកដៃឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការជាតិ កាត់ផ្តាច់ជំនួយ បញ្ឈប់ការបញ្ជាទិញទំនិញ បន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទាំងអស់នេះហើញ សរបញ្ជាក់ឲ្យឃើញថាអ្នកទាំងអស់នេះសក្ត័សមនឹងអោយតុលាការដាក់ទោសមែន។ ដោយសារសន្តានក្បត់ជាតិពីឪពុកមកកូន ការច្រណែននឹងលោក កឹម សុខា ធ្វើជាប្រធានបក្សនិងខ្លាចកូនស្រីលោក កឹម សុខា មានប្រៀបជាងខ្លួនទណ្ឌិត សម រង្សីនិងបក្សពួកបានបង្កើតចលនាខុសច្បាប់មួយឡើងគឺចលនាសង្គ្រោះជាតិ។ ចលនាឧទ្ទាម
ខុសច្បាប់នេះញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនិងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មីដើម្បីអំណាចរបស់ខ្លួន និងបក្សពួកទោះបីជា មិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ។
គណបក្សសញ្ជាតិកម្ពុជា សូមធ្វើការអំពាវនាវដល់កងកំលាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិទាំងអស់កុំចូលរួមជាមួយ ចលនាខុសច្បាប់នេះ ហើយត្រូវធ្វើការថ្កោលទោស និងសហការជាមួយនិង រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមខុសច្បាប់នេះ ដើម្បីសុខសន្តិភាព ការពារអធិបតេយ្យជាតិ ការពារលទ្ធិប្រជាធិបតេយ្យ ការពាររដ្ឋធម្មនុញ្ញ ការអភិវឌ្ឍ និងភាពសុខុដុមរម្យ នារបស់ប្រជារាស្ត្រ៕