(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Roberto Simone នាយកប្រតិបត្តិ ក្រុមហ៊ុន Tonino Lamborghini របស់ប្រទេសអ៊ីតាលី ដើម្បីស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច របស់ខេត្តទេសចរណ៍មួយនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ដែលពឹងផ្អែកលើសេដ្ឋកិច្ចស្នូលពីរ គឺវិស័យទេសចរណ៍ និងកសិកម្ម ហើយខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន អនាម័យ និងសន្តិសុខទេសចរណ៍ និងវិស័យទេសចរណ៍ នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យខេត្តទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស។
លោកបន្ថែមទៀតថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន សាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរកើនទ្វេរឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប កាន់តែមានភាពល្អប្រសើរថែមទៀត។
ជាការឆ្លើយតប លោក Roberto Simone នាយកប្រតិបត្តិក្រុមហ៊ុន Tonino Lamborghini ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍខេត្តនេះឱ្យមានភាពស្រស់ត្រកាលសក្ត័សមជាខេត្តទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅ នៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់កម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ ក៏មានសេចក្ដីសប្បាយចិត្តយ៉ាងខ្លាំងចំពោះ លោកអភិបាលខេត្ត ដែលបានផ្ដល់នូវព័ត៌មានយ៉ាងដ៏មានសារសំខាន់សម្រាប់ ក្រុមហ៊ុនលោកដើម្បីធ្វើការសិក្សាស្រាវជ្រាវ អំពីខេត្តសៀមរាប សម្រាប់ធ្វើការវិនិយោគផលិតផលរបស់ក្រុមហ៊ុន Tonino Lamborghini ដែលមានដូចជា រថយន្តទំនើប សណ្ឋាគារ សម្ភារៈវាយកូនហ្គោល ទូរស័ព្ទដៃ នាឡិកា ស្រាក្រហម វ៉ែនតា សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕