(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចំណាយពេលមួយល្ងាចពេញ ដើម្បីដឹកនាំកិច្ចប្រជុំសហព័ន្ធកីឡាជាតិទ្រង់ទ្រាយធំមួយ នៅទីស្នាក់ការ NOCC រហូតដល់ព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដើម្បីពន្លឿនការរៀបចំផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធកីឡាជាតិ នៅក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។
កិច្ចប្រជុំទ្រង់ទ្រាយធំនេះ គឺមានតំណាងសហព័ន្ធកីឡាជាតិចំនួន ១៧ចូលរួមរួម ដើម្បីបង្ហាញរបាយការណ៍ ត្រៀមដាក់ជូនក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលគ្រោងធ្វើឡើងនាថ្ងៃទី០១ ខែកុម្ភៈខាងមុខ។ ជាមួយគ្នានោះលោករដ្ឋមន្ដ្រី ថោង ខុន បានស្នើដល់គ្រប់សហព័ន្ធ ត្រូវត្រួតពិនិត្យការងាររបស់ខ្លួនឲ្យបានល្អិតល្អន់បំផុត មុននឹង NOCC ក៏ដូចជាក្រសួងអប់រំ ធ្វើការសម្រេចជ្រើសរើសប្រភេទកីឡាដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា «ខណៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននឹងកំពុងមមាញឹក និងបង្កើនល្បឿនទ្វេដង នៅក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមលក្ខណៈសម្បត្តិលើការរៀបចំផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាជាតិ ដែលកិច្ចប្រជុំថ្ងៃនេះ ផ្តោតការយកចិត្តទុកដាក់លើការស្តាប់របាយការណ៍របស់សហព័ន្ធកីឡាជាតិ និងដាក់របាយការណ៍ជូនមហាសន្និបាទរបស់ NOCC នាដើមខែក្រោយ ដើម្បីកំណត់ពីប្រភេទកីឡាមានសក្ដានុពលមួយចំនួន»។
អគ្គលេខាធិការដដែលបន្ដថា «គ្រប់សហព័ន្ធកីឡានីមួយៗ សុំកុំអស់សង្ឃឹមរឿងសហព័ន្ធខ្លួន បានដាក់បញ្ចូលស៊ីហ្គេម ឬមិនបានដាក់បញ្ចូលក្នុងស៊ីហ្គេម ។ ចឹងការកំណត់ចុងក្រោយ គឺយើងជាម្ចាស់ផ្ទះជាអ្នកកំណត់ ប៉ុន្ដែយើងក៏ត្រូវមើលពីសក្ដានុពលកីឡារបស់យើងមួយចំនួនដែរ ។ ដូច្នេះគ្រប់ប្រភេទកីឡា ត្រូវបង្កើនការខំប្រឹងអភិវឌ្ឍន៍ឲ្យបានកាន់តែខ្លាំង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ និងសក្ដានុពលនៃកីឡានីមួយៗ ទោះបីកីឡាមួយចំនួន ធ្លាប់ដណ្ដើមបានមេដាយពិភពលោក អាស៊ី ឬស៊ីហ្គេមក៏ដោយ»។
លើសពីនេះ លោកបានស្នើដល់គ្រប់សហព័ន្ធ ត្រូវមានទំនាក់ទំនងល្អជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីងាយស្រួលក្នុងការស្នើរសុំជួយបំពេញចំណុចខ្វះខាតផ្នែកបច្ចេកទេស តាមរយៈការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះព្រឹត្តិការណ៍នេះ មិនត្រឹមជារឿងរបស់ជាតិនោះទេ តែជារឿងដ៏សំខាន់មួយ ដែលសហព័ន្ធអន្ដរជាតិត្រូវជួយ ដើម្បីជំរុញប្រភេទកីឡាមួយ ឲ្យមានសកម្មភាពក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ។ មួយវិញទៀត លោកក៏បានជំរុញសហព័ន្ធកីឡាជាតិ ត្រូវបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅប្រទេស ឬអញ្ជើញគ្រូកម្រិតអន្ដរជាតិក្នុងកម្រិតសមល្មម ដើម្បីបង្ហាត់ដល់កីឡាករ-កីឡាការិនីក្នុងស្រុក ក្នុងផែនការរយៈពេលវែង ចាប់ពីឆ្នាំនេះ ឬឆ្នាំក្រោយទៀតផង៕