(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចេញមកបញ្ជាគ្រឿងចក្រឲ្យជីកគាស់កាយ និងប្រកាសធ្វើផ្លូវបេតុងប្រើឆ្អឹងដែកទំហ៊ំ១២លីមួយខ្សែ ដែលមានប្រវែងបណ្ដោយ៨០ម៉ែត្រ និងទទឹង៦ម៉ែត្រ ដើម្បីឲ្យហើយរួចរាល់ឆាប់ៗជាស្ថាពររយៈពេលត្រឹម២សប្ដាហ៍ប៉ុណ្ណោះ នៅពេលខាងមុខនេះ ដើម្បីឲ្យរថយន្ដខ្លាចផ្លូវ មិនត្រូវធ្វើផ្លូវឲ្យខ្លាចរថយន្ដនោះទេ ក្រោយពីទទួលបានសំណូមពរ ក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរចេញចូលលំនៅដ្ឋាន និងប្រកបរបរទទួលទាន។
ការប្រកាសធ្វើផ្លួវជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ ខាងលើនេះ ត្រូវបានលោក ជា ពិសី សម្រេចធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានបញ្ជាក់ថា ផ្លូវ១ខ្សែដែលកំពុងរងការខូចខាតយ៉ាងដំណំនេះ គឺចាប់ផ្ដើមស្ថាបនាដំបូងបានប្រើឆ្អឹងឫស្សី និងមានកម្រាស់ត្រឹមតែ២តឹកប៉ុណ្ណោះ ហើយក៏រងការខូចខាតនូវមួយអន្លើ ទើបបន្តស្ថាបនាជាលើកទី២ បានប្រើឆ្អឹងដែកត្រឹម១តឹកកន្លះ និងមានកម្រាស់ត្រឹមតែ២តឹក កាលពីចុងឆ្នាំ២០១៥ រហូតមកទល់បច្ចុប្បន្ន បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរគ្មានសល់ ទើបសម្រេចស្ថាបនាជាថ្មី និងជាលើកទី៣ ដោយប្រើឆ្អឹងដែកដដែល ប៉ុន្តែមានទំហ៊ំធំដល់ទៅ១២លី និងបណ្ដោយប្រវែង៨០ម៉ែត្រ និងទទឹង៦ម៉ែត្រ ដោយធ្វើយ៉ាងណាឲ្យរថយន្ដខ្លាចផ្លូវ គឺមិនត្រូវធ្វើឲ្យផ្លូវខ្លាចរថយន្ដនោះទេ។
លោក ជា ពិសី បានបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវ១ខ្សែនេះ ត្រូវបានធ្វើឡើងក្រោមការគៀងគរថវិកា មកពីសប្បុរសជននានា ហើយបន្ទាប់ពីស្ថាបនារួចរាល់ជាស្ថាពរ រដ្ឋបាលខណ្ឌឫស្សីកែវ និងប្រើកញ្ចប់ថវិកាឆ្នាំ២០១៨ ដើម្បីបន្តកសាងផ្លូវនេះ រហូតទៅដល់តភ្ជាប់ និងផ្លូវប្រឡាយភ្លោះ ដែលនៅខាងលិច ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ទៅនិងតម្រូវការចាំបាច់ចំពោះមុខ ក្នុងការបង្ការទប់ស្កាត់រាល់គ្រោះថ្នាក់ចរាចរ និងការធ្វើដំណើរចេញចូលប្រកបរបរទទួលទានផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕