(កណ្ដាល) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានដាក់ឲ្យប្រើប្រាស់នូវអគារបណ្ណាល័យដ៏ថ្មីសន្លាងរបស់ខ្លួនមួយខ្នង ដែលជាមូលនិធិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យស្វាយជ្រំ ស្ថិតក្នុងភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពិធីនេះសម្ភោធដាក់ឲ្យប្រើប្រាស់អគារបណ្ណាល័យថ្មីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមជំរុញទម្លាប់នៃការអានរបស់សិស្សានុសិស្សខ្មែរ និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា, លោកអភិបាលស្រុកខ្សាច់កណ្ដាល តំណាងក្រសួងនិងមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនជាច្រើនរយនាក់នៅក្នុងសហគមន៍។
លោក អ៊ុំ សមអឿន បានថ្លែងថា អគារបណ្ណាល័យនេះមានទំហំ៩ម៉ែត្រគុណ១២ ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ថវិកា ឧបត្ថម្ភទាំងស្រុងពីប្រាសាក់។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផង ដើម្បីឲ្យការដំណើរការបណ្ណាល័យនេះ ប្រព្រឹត្តទៅដោយរលូនក្រោមកិច្ចសហការលើគម្រោង ពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុំ សមអឿន បានបន្តថា បណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យស្វាយជ្រំនេះ ជាបណ្ណាល័យទី២២ ហើយ ដែលបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិស្ស។ គិតត្រឹមឆ្នាំ២០១៨ ធនាគារប្រាសាក់ បានផ្តល់អគារបណ្ណាល័យសរុប រហូតដល់២៥ ឲខ្នង ដែលបានចំណាយថវិកាច្រើនជាង៧៣៨ពាន់ដុល្លារ (សាងសង់ និងបំពាក់សម្ភាររួចរាល់មាន ២២ខ្នង និង៣ខ្នងកំពុងបំពាក់សម្ភារ)។
គម្រោងបណ្ណាល័យប្រាសាក់ គ្របដណ្ដប់ចំនួន292ភូមិ ដែលមានចំនួន59,299គ្រួសារ និងប្រជាពលរដ្ឋ273,727 ជូនដល់សាលារៀននៅបណ្តាខេត្តចំនួន8 រួមមាន កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង ដោយមានអ្នកទទួលផលផ្ទាល់ សិស្សចំនួន15,607នាក់ និងលោកគ្រូអ្នកគ្រូចំនួន581នាក់។
លោក សម អឿន បានថ្លែងថា «គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពិតជាមានក្ដីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងបណ្ដុះទម្លាប់អានតាមរយៈគម្រោង បណ្ណាល័យនេះ។ សមិទ្ធផលនេះកើតឡើងស្របតាមបេសកកម្មសង្គមដែលយើងប្រកាន់យកនោះគឺការចែករំលែកប្រាក់ចំណេញរបស់ខ្លួនតាមរយៈ កិច្ចការសង្គមទៅកាន់សហគមន៍វិញ»៕