(ភ្នំពេញ)៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យយកខ្សែក្រវ៉ាត់រឹតក យកម៉ូតូម៉ាកឌ្រីមជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្រោយភោជនាដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ តុ វុធធាន អាយុ៤៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅ បន្ទប់ជួលភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ លំនៅអចិន្រ្តៃយ៍ ភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ចំណែកម៉ូតូដែលជនសង្ស័យរឹតក យកទៅនោះម៉ាកឌ្រីសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង 1l-2682។
សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានឲ្យជនរងគ្រោះឌុបពីម្តុំក្លឹបអិចធូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកដល់កន្លែងកើតហេតុខាងលើ ហើយធ្វើសកម្មភាពយកខ្សែក្រវ៉ាត់រឹតក ជនសរងគ្រោះយកម៉ូតូបានសម្រេចតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍និងកំណត់មុខសញ្ញាជនសង្ស័យ៕