(ភ្នំពេញ)៖ សម្ដេក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឲ្យបានល្អិតល្អន់នូវសកម្មភាព របស់មន្ដ្រីតាមមូលដ្ឋាន ព្រោះខ្លាចក្រែងនៅមានមន្ដ្រីខិលខូចមួយចំនួន នៅតែបន្ដយកលុយថ្លៃធ្វើអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវការយកលុយនេះរួចមកហើយ។
ការថ្លែងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ អត្តសញ្ញាណកម្ម រយៈពេល៣ឆ្នាំ (២០១៤-២០១៧) និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កន្លងមករាជរដ្ឋាភិបាលបានផ្ដាច់នូវការ លើកលែងតម្លៃសេវាអត្តសញ្ញាណកម្មទាំងអស់ ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋានរាជធានី-ខេត្ត អធិការនគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់បន្ដអនុវត្តការងារនេះឲ្យបានខ្ជាប់ខ្ជួន នេះជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ ជួនអីរដ្ឋាភិបាលយើងលើកលែង ហើយមានមន្ដ្រីនៅតែបន្ដយកទៀត ដូច្នេះការលុបរបស់រាជរដ្ឋាភិបាលវាអត់ន័យ»។
បើទោះបីជាបានណែនាំយ៉ាងក៏ពិតមែន ប៉ុន្ដែសម្ដេច ស ខេង ជឿជាក់ថាមិនមែនមន្ដ្រីទាំងអស់បន្ដយកនោះទេ ពោលគឺមានតែមន្ដ្រីមួយចំនួនតូចតែប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះភាគីច្រើនធ្វើបានល្អរួចមកហើយ។
បើតាមសម្ដេច ស ខេង ការសម្រេចលុបចោលនូវការយកលុយរបស់រាជរដ្ឋាភិបាល លើថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺជាការជួយសម្រួលបន្ទុកមួយចំណែកផងដែរ ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា សេចក្តីប្រកាសចេញដោយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយមានប្រសិទ្ធិភាពអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ បានសម្រេចលុបចោលថ្លៃសេវា សម្រាប់ការងាររដ្ឋបាលមួយចំនួនដូចជា៖
* ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយប្រជាពលរដ្ឋខ្មែរ
* ការផ្តល់សៀវភៅស្នាក់នៅ
* ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ
* ការផ្តល់សៀវភៅគ្រួសារ
* ទុតិយតា និងតតិយតា សៀវភៅគ្រួសារ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ
* ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
* ទុតិយតា ឬតតិយតា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕