(ភ្នំពេញ)៖ ចំនួនអ្នកធ្វើដំណើរជិះរថយន្តក្រុងសាធារណៈ បាននិងកំពុងកើនពីចំនួន ៦.០០០នាក់ ឡើងដល់ចំនួន ២០.០០០នាក់ក្នុង១ថ្ងៃ គឺកើនជាង ៣ដង ជាមួយខ្សែរត់ចំនួន៨ខ្សែ។ នេះបើយោងតាមទិន្និន័យរបស់មន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ បង្ហាញលើបណ្តាញសង្គម Facebook នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា៖ «សូមចូលរួមជិះរថយន្តក្រុងអោយបានច្រើនកុះករ ដើម្បីកាត់បន្ថយយានយន្តលើដងផ្លូវ និងសុវត្ថិភាព! ចំនួនអ្នកធ្វើដំណើរជិះរថយន្តក្រុង បាននិងកំពុងកើនពីចំនួន ៦.០០០នាក់ក្នុង១ថ្ងៃ ឡើងដល់ចំនួន ២០.០០០នាក់ក្នុង១ថ្ងៃ គឺកើនជាង ៣ដង ជាមួយខ្សែរត់ចំនួន ៨ខ្សែ»។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយដំបូងធ្វើការរត់តែ ៣ខ្សែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ចិនបានផ្តល់រថយន្តក្រុង ១០០គ្រឿង ឲ្យសាលារាជធានីភ្នំពេញ ដើម្បីពង្រីកខ្សែរត់ដឹកអ្នកដំណើរការ ក្នុងរាជធានីភ្នំពេញ ជាមួយគ្នានេះដែរប្រទេសជប៉ុនក៏បានសន្យា នឹងបញ្ជូនរថយន្តក្រុងទាំង ១៤០គ្រឿងមកកម្ពុជា នៅត្រឹមឆ្នាំ២០២០ ក្នុងនោះ ជំហ៊ានទី១ រថយន្តក្រុងចំនួន ៨០គ្រឿង នឹងមកដល់រាជធានីភ្នំពេញនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខ៕