(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស ការិយាល័យប្រឆាំងបទល្មើសគ្រឿង កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ និងកងរាជ​អាវុធហត្ថខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបគ្រឿងញៀន ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្ថិតនៅចំណុចបន្ទប់ជួល​លេខ៥ ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរឹបអូសថ្នាំញៀនជាង៥គីឡូក្រាម។

របាយការណ៍របស់អាវុធហត្ថខណ្ឌមានជ័យ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងបានដកហូតរួមមាន៖ ទី១៖ ម្សៅ​ក្រាមពណ៌សថ្លា១៧កញ្ចប់ (ធំ៥កញ្ចប់ ធំល្មម១០កញ្ចប់ និង២កញ្ចប់តូច)
ទី២៖ កាំភ្លើងខ្លីម៉ាកK59មួយដើម គ្រាប់៨គ្រាប់ បង់០១ ទី៣៖ ម៉ូតូ០១គ្រឿង ម៉ាកMSX ស្លាក​លេខ ភ្នំពេញ 1AO-6158 ទី៤៖ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ទី៥៖ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួននួន និងទី៦៖ សំបកវេចខ្ចប់គ្រឿងញៀនមួយចំនួន។

សម្រាប់ជនសង្ស័យដែលប្រព្រឹត្តបទល្មើសនេះ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន វត្ថុតាងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿង កងរាជ​អាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

\