(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងមួយថ្ងៃៗ ប្រមាណ១០០នាក់តាមច្រក់អន្តរជាតិប៉ោយប៉ែតនោះ។
ថ្លែងនៅក្នុងកម្មវិធីបិទស្តីពីការបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលនេះសម្តេចបានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកទីកន្លែងដ៏សមគួរមួយ នៅច្រកប៉ោយប៉ែតដើម្បីធ្វើកន្លែង ស្នាក់នៅបណ្តោះអាសន្នជូនដល់បងប្អូនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ ដោយសារតែពួកគាត់បានធ្វើការនៅប្រទេសគេដោយខុសច្បាប់នោះ។
សម្តេចក្រឡាហោម បានបន្តទៀតថា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀតនោះ ក្រសួងមហាផ្ទៃបាននឹងកំពុងរៀបចំបើកបន្ថែម កន្លែងផ្តល់លិខិតឆ្លងដែនចំនួន៤កន្លែងទៀត គឺនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងផ្សារអ៊ីអនទី២ ហើយលិខិតឆ្លងដែនដែលធ្វើរួចហើយ នឹងផ្តល់ដល់ពួកគាត់តាមរយៈច្រកចេញចូលតែមួយផងដែរ។
បើយោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរ ប្រមាណ១,០៨២,៩១៦នាក់ និងលិខិតធ្វើ ដំណើរជូនពលករកម្ពុជា ទៅធ្វើការនៅបរទេស ចំនួន៣៩៧,៨៣៨ននាក់។
យ៉ាងណាក៏ដោយពលករខ្មែរ ដែលធ្វើការនៅប្រទេសដែលមិនទាន់ស្របច្បាប់នោះ រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរថៃ ដើម្បីផ្តល់ដល់ពួកគេជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានបន្តទៀតថា ការងារផ្តល់លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំផ្ទាល់នោះ បានកែសម្រួលលិខិតបទដ្ឋានគតិយុត្ថិពាក់ព័ន្ធ ដើម្បីកាត់បន្ថយបែបបទនីតិវិធីសំាញុំា និងបានរៀបចំបើកច្រកចេញចូលតែមួយ ចំនួន៣កន្លែង គឺនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត។
រីឯការងារផ្តល់ភាពស្របច្បាប់ដល់ពលករ កម្ពុជាកំពុងធ្វើការនៅប្រទេសថៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជូនក្រុមការងារចំនួន១៧៩នាក់ ទៅប្រចាំការនៅប្រទេសថៃ ដើម្បីផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស៕