(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៤នៅកម្ពុជា នឹងផ្ដល់ឱកាសការងារចំនួន៣២៧កន្លែង ដោយមានមុខតំណែងផ្សេងៗគ្នាដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ ក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្រុមហ៊ុនទាំង៤ ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន ផ្សារទំនើប Aeon Mall, មីក្រូហិរញ្ញវត្ថុជោគជ័យ, ក្រុមហ៊ុនឆ្នោតមហាសំណាង KPW និងភោជនីដ្ឋាន World Dinning Restaurant។ ក្រុមហ៊ុនទាំង៤នេះ នឹងមកធ្វើការសម្ភាសន៍ ដោយផ្ទាល់ជាមួយនឹង យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖៣០នាទីរសៀល។
លោក ប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្ស ផ្សារទំនើប AEON MALL បានឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកបានសហការជ្រើសរើសបុគ្គលិក តាមរយៈNEAនេះ។ សម្រាប់លើកនេះ ក្រុមហ៊ុន នឹងសម្ភាសបេក្ខជន ជាពីរដំណាក់កាល ទី១គឺសម្ភាស ជំហានដំបូងគឺយកតែអ្នកជាប់លើកទី១នៅ NEA ហើយលទ្ធផលសម្ភាសទី១នេះនឹងប្រកាសនៅNEA ចំពោះអ្នកដែលជាប់លើកទី១នេះនឹងត្រូវទៅសម្ភាសលើកទី២ នៅក្រុមហ៊ុនផ្ទាល់តែម្តង។
លោកបានបន្ដទៀតថា បើសិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ AEON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងយល់អំពីមុខតំណែងដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
សូមជម្រាបថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំនូវវេទិកាការងារដូចគ្នានៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនជិត ២០០ដងមកហើយតាំងពីឆ្នាំ២០០៩មក ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០០០០ នាក់ បានទទួលការងារធ្វើរួចជាស្រេចតាមរយៈវេទិកាការងារទាំងនេះ។
វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក របស់ដល់និយោជកឲ្យបានជួប និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះ រៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរី នៅក្នុងវេទិកាការងារនេះ បានដែលនឹងប្រព្រឹត្តិទៅនៅ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង មជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារwww.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ)៕