(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងរៀបចំកម្មវិធី Award Night លើកដំបូង ដើម្បីប្រកាសពីពានរង្វាន់បាល់ទាត់ផ្សេងៗនៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2017 នារាត្រីថ្ងៃទី២៥ ខែមករាខាងមុខ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ប៉ុន្ដែកម្មវិធីនេះ ត្រូវបានស្ថាប័នក្រោមឱវាទសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ប្រកាសលក់សំបុត្រចូលទស្សនាក្នុងតម្លៃ ៤.០០០រៀល។
ជុំវិញការលក់សំបុត្រនេះដែរ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃ CNCC បានប្រកាសថា រាល់ថវិកាទទួលបាន ពីការលក់សំបុត្រ CNCC នឹងរៀបចំបរិច្ចាគទៅចូលរួមសកម្មភាពមនុស្សផ្សេងៗ តាមរយៈមន្ទីរពេទ្យ និងអង្គការកុមារ កំព្រាជាដើម។ ជារួមការរៀបចំកម្មវិធី Award Night ក៏មិនខុសពីការរៀបចំពានរង្វាន់សប្បុរសធម៌ CNCC កាលពីមុន បើករដូវកាលឆ្នាំ២០១៧ ដែលស្វែងរកបានមូលនិធិមួយចំនួន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋានោះទេ។
លេខាធិការប្រតិបត្តិរូបនេះបានបន្ដថា ក្រៅពីរួមចំណែកដល់សកម្មភាពមនុស្សធម៌ កម្មវិធីមួយនេះគឺផ្ដោតសំខាន់បំផុត គឺការចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា និងកិត្តិយសកីឡាករម្នាក់ៗតាមរយៈការបោះឆ្នោត និងការវិនិច្ឆ័យយ៉ាងល្អិតល្អន់ពីគណៈកម្មការជំនាញ ដើម្បីចាត់ចំណាត់ថ្នាក់ ដូចជាគ្រូល្អ ឬកីឡាករល្អជាដើម។ លោកថា កម្មវិធីនេះដែរ គឺបង្ហាញពីការវិវត្តន៍ថ្មីនៃវិស័យបាល់ទាត់កម្ពុជា ខណៈប្រទេសក្នុងតំបន់ជាច្រើន បានធ្វើកម្មវិធីនេះរួចមកហើយ។
សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទាត់កម្ពុជា ដែល CNCC គ្រោងប្រកាសក្នុងកម្មវិធី Award Night នារាត្រីថ្ងៃព្រហស្បតិ៍ខាងមុខ មានដូចជាពានកីឡាករឆ្នើមប្រចាំឆ្នាំ, ពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ, ពានអ្នកចាំទីល្អជាងគេ, ពានគ្រូល្អជាងគេ, ពានក្រុមលេងល្អ (Fair-Play) និងពានក្រុមអាជ្ញាកណ្ដាលកាត់សេចក្ដីបានល្អជាងគេ ដែលពានទាំងនេះ គឺមានទាំងក្នុងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup 2017។ មួយវិញទៀត ក៏មានពានកីឡាករមានប្រជាប្រិយភាពជាងគេ, ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ, ពានអ្នកគាំទ្របាល់ទាត់ល្អជាងគេ និងពានអ្នកសារព័ត៌មានល្អជាងគេ ដែលកើតឡើងតាមរយៈការបោះឆ្នោតលើផេកហ្វេសប៊ុករបស់ CNCC ផងដែរ៕