(ពោធិ៍សាត់)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានលោកស្រី ឌី សុខីទីឃាយុកោ តំណាងលោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រគល់ផ្ទះទេវតាចំនួន០២ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកស្រី ឌី សុខីទីឃាយុកោ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកស្រី ឌី សុខីទីឃាយុកោ បានបន្តថា ផ្ទះទេវតាទាំង២ខ្នងនោះ ជាអំណោយរបស់លោកស្រី ឡៅ គឹមណៃ ព្រមទាំងបុត្រ និងចៅៗ ដែលត្រូវប្រគល់ជូនទី១៖ លោកយាយ ម៉ី សំ អាយុ៧៤ឆ្នាំ និងលោកយាយ សោម យិន អាយុ៧៤ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ផ្ទះលេខ២៦០) និងទី២៖ លោកយាយ ជឹម សែប អាយុ៧៣ឆ្នាំ រស់នៅភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ផ្ទះលេខ២៦១)។
គួរបញ្ជាក់ថា ក្រៅពីការប្រគល់ផ្ទះ២ខ្នងនេះ លោកស្រី ឌី សុខីទីឃាយុកោ ក៏បានចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា រួមមានសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន។
ចំពោះជនចាស់ជរាគ្មានទីពឹង២គ្រួសារផ្សេងទៀត រស់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកំពុងមានជីវភាពខ្លះខាត ក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល១ ពូក១ មុង១ ភួយ១ ខ្នើយ១ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកស៊ីអ៊ីវ៣យួរ វិទ្យុ១គ្រឿង សម្ភារប្រើប្រាស់មួយចំនួន និងថវិកា៥០ម៉ឺនរៀល៕