(បាត់ដំបង)៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបវាយតម្លៃពីលទ្ធផល ការងារបញ្ហាប្រឈម និងដំណោះស្រាយនានា ឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរងយោធភូមិភាគទី៥។ អង្គសន្និបាតនេះ មានការចូលរួមពីថ្នាក់អភិបាលរងទាំងអស់ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានអ្នកចូលរួមជិត៦០០នាក់។

ថ្លែងសន្ទរកថាស្វាគមន៍នៅក្នុងពិធីបើកសន្និបាតនេះ លោក ងួន រតន: បានថ្លែងថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តយើងបានសម្រេចលទ្ធផលការងារប្រចាំឆ្នាំ២០១៧កន្លងមក ទទួលបានជោគជ័យ ដោយបានទទួលនូវបញ្ហាប្រឈមនានាមួយចំនួន ក្នុងឆ្នាំ២០១៧ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្ត បានសមិទ្ធផលដ៏ធំធេងដែលសម្រេចបានលើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា លើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ឆ្នាំ២០១៧កន្លងទៅនេះ កងកម្លាំងគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្ត្រ ខេត្តក៏ដូចតាមតំបន់ ព្រំដែនរក្សាបាននូវបូរណភាពទឹកដី សុវត្ថិភាព​សាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងខិតខំំប្រកបមុខរបរចិញ្ចឹមជីវិតមានជីវភាពធូរធារ
ប្រកបដោយសុខសុវត្តិភាពនៅតាមមូលដ្ឋាន។

លោកអភិបាលខេត្តបាត់ដំបងបន្តថា លើវិស័យកសិកម្មទោះប៉ុន្មានឆ្នាំកន្លងមកនេះខេត្ត បានជួបគ្រោះរាំងស្ងួតតំបន់មួយចំនួនមានតិចតួច តែបរិមាណផលស្រូវទទួលបានច្រើនមានតម្លៃខ្ពស់ និងការនាំចេញមានការកើនលើសជាងឆ្នាំមុន។

ការបម្រើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់និងជំរុញ ការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹកមណ្ឌលសុខភាពសាលារៀន ពិសេសវិស័យអគ្គិសនីនិងទឹកស្អាតកំពុងតបណ្តាញឱ្យទៅដល់ ទីជនបទដាច់ស្រយាលជាបណ្តើរៗហើយ សម្រាប់ជូនប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងខេត្ត។

លោកបានបញ្ជាក់ទៀតថា ដោយសារឆ្នាំ២០១៨ នេះមានសេសសល់ ការងារមួយចំនួន ពីឆ្នាំ២០១៧ និងការងារថ្មីៗជាច្រើនទៀត កំពុងរង់ចាំដែលទាមទារពេលវេលាបទពិសោធន៍ភាពឆ្នៃប្រឌិត ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះ ដែលទាមទារឱ្យអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ភាគីនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំរួមគ្នាធ្វើការវាយតម្លៃ បញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានា សម្រាប់ជាដំណោះស្រាយ សម្រាប់ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចបន្តឆ្នាំ២០១៨នេះ។

ក្នុងអង្គសន្និបាតនេះដែរ លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត បានឡើងរាយការណ៍ និងធ្វើបទបង្ហាញពីលទ្ធផលការងារឆ្នាំ២០១៧កន្លងមក ជូនអង្គសន្និបាតហើយ និងមានប្រធានអង្គភាព កងកម្លាំងប្រដាប់អាវុធជាសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចូលរួុមឡើងធ្វើបទបង្ហាញតាមជំនាញរៀងៗខ្លួនជាបន្តបន្ទាប់ផងដែរ៕