(កណ្ដាល)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយការរំពឹងទុកថានឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។
ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពោលកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណៈអធិបតីទាំងពីរបានដឹកនាំប្រតិភូ និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងតាមមាត់ទន្លេបាសាក់ ក្នុងដែនរដ្ឋបាលក្រុងតាខ្មៅ។
ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាលជាសេនាធិការ បាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ និងរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ហើយបើតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនេះ គឺនៅជិតរាជធានីភ្នំពេញ ដូច្នេះនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កត្តាដ៏សំខាន់ដែលផ្ដល់ឱកាសឲ្យកម្ពុជាមានលទ្ធភាពប្រារព្ធពិធីបុណ្យតូចធំ ដូចជា ពិធីបុណ្យសមុទ្រ បុណ្យទន្លេជាដើមនោះ គឺកត្តាសន្តិភាព ដែលពុះពាររកបានដោយលំបាកលំបិន និងខិតខំថែរក្សាសន្តិភាពនេះឲ្យនៅគង់វង់តរៀងទៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្តថា ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៤នេះ ឲ្យមានភាពឱឡារឹក និងទទួលបានជោគជ័យផងនោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញការងារឲ្យបានគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានណែនាំនូវការអនុវត្តការងារចាំបាច់មួយចំនួន៖
១៖ ត្រូវយកឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្ត ផងដែរ។
២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៏រមណីយដ្ឋានគុណភាពសេវាទេសចរណ៍នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាបានសមរម្យ និងមានពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព សេវានាវាទេចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។
៣៖ រៀបចំប្រព័ន្ធការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឲ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។
៤៖ ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឲ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបាន ដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃក្នុងស្រុកជាដើម ដើម្បីបង្ហាញពីសក្តានុពលផលិតផលក្នុងស្រុកទាំងនោះ សំដៅទាក់ទាញការបញ្ជាទិញពីក្រៅប្រទេស។
៥៖ ត្រូវជំរុញការសម្ដែងសិល្បចម្រុះ សិល្បវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។
៦៖ ត្រូវពង្រីការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឲ្យបានច្រើនកុះករ ពោលសម្រេចឲ្យបានការរំពឹងទុក ១លាន៥សែននាក់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ទន្លេមេគង្គជាទន្លេដែលវែងជាងគេ លំដាប់ទី១៧ ក្នុងពិភពលោក និងទី១២ ក្នុងអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរឆ្លងកាត់កាត់៥ប្រទេស ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។ ដោយឡែកកម្ពុជាទន្លេមេគង្គ ហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចជាច្រើនទៀត ទាំងនៅប៉ែកខាងលើប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់ រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ។
បុណ្យទន្លេ ត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ។
បុណ្យទន្លេ ជាផលិតផលទេសចរណ៍ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងមហាអនុតំបន់មេគង្គអាស៊ានមេគង្គ-គង្គា។
អង្គប្រជុំដែលដឹកនាំដោយលោករដ្ឋមន្ត្រី ថោង ខុន បានឯកភាពគ្នាថា នឹងបន្តពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេនេះ នាពេលក្រោយៗ ឲ្យបានលម្អិតជាបន្តបន្ទាប់ទៀត៕