(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានខិតខំប្រឹងប្រែង ស្ទើរតែមួយជីវិតគាត់ រហូតមកដល់ពេលនេះ គាត់នៅមានភារកិច្ចចាំបាច់ ដើម្បីដឹកនាំប្រទេសបន្ថែមទៀត មិនមែនចេះតែសន្យាខ្យល់នោះទេ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តកណ្តោលដុំ ស្ថិតក្នុងភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នោះថា «សួរថា តើអ្នកណាហ៊ានប្រឈមមុខ និងសង្រ្គាម? អ្នកណាហ៊ានចូលសមរភូមិចោលប្រពន្ធកូន? ដើម្បីរំដោះប្រទេស សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង ស្ទើរតែមួយជីវិតគាត់ រហូតមកដល់ពេលនេះ គាត់នៅមានភារកិច្ចចាំបាច់ ដើម្បីដឹកនាំប្រទេសបន្ថែមទៀត មិនមែនចេះតែសន្យាៗ សន្យាខ្យល់នោះទេ»។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ថ្ងៃនេះ គឺជាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាបាលី និងសមិទ្ធផលនានា ក្នុងទីអារាមនេះ ដែលបានចំណាយថវិកា អស់ប្រមាណចំនួន ៣៤១,៣០០ ដុល្លារ វាគឺជាសមិទ្ធិផលថ្មីបន្ថែមទៀត សំរាប់ទឹកដីខេត្តកំពង់ស្ពឺ គឺបម្រើឲ្យប្រយោជន៍សាធារណៈ។ លោកបានបន្ដទៀតថា សមិទ្ធិផលទាំងអស់នេះហើយ គឺបានស្តែងចេញ អំពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈកម្មការ ប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់ខាងលើនេះ ធ្វើទៅបាន គឺពិតជាមិនអាចខ្វះ នូវគុណថ្ងៃ ៧មករា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ ដល់សាធារណៈមតិ និងអន្តរជាតិឲ្យឃើញច្បាស់ ពីការអភិវឌ្ឍនរីកចម្រីនរបស់ប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល អាចបន្តដឹកនាំ និងបន្តផ្តល់ការអភិវឌ្ឍន៍ជូនពលរដ្ឋបាន គឺអាស្រ័យលើការគាំទ្រ និងផ្តល់យុត្តិធម៌ប្រកប ដោយសច្ចៈភាពពី ប្រជាពលរដ្ឋ។
លោកថា គ្មានសមិទ្ធផលណា កើតឡើងដោយគ្មានការចាប់ផ្តើម ធ្វើនោះទេ ហើយក៏មិនមានអ្វី ដែលស្រួលជាងអត់ធ្វើតែម្តង ឬហៅថាសន្យាចោល។ ហើយបើគ្មានការគិតផ្តួចផ្តើមពីដំបូង ក៏គ្មានការចាប់ផ្តើមផងដែរ ការគិតផ្តួចផ្តើមដំបូងកើតឡើងបាន គឺច្បាស់ណាស់ អាស្រ័យលើឱកាស និងលក្ខ័ខណ្ឌរបស់ប្រទេសជាតិ ស្ថិតស្ថេរក្នុងសន្តិភាព ស្ថិរភាពសង្គម ដែលជាដើម ចម នៃការផ្តួចផ្តើមកសាង៕