(ភ្នំពេញ)៖ ទីតាំងលាងរថយន្តនៅក្នុងរាជធានីភ្នំពេញ នឹងប្រឈម នៃការបិទអាជីវកម្ម បើម្ចាស់ទីតាំងមិនអនុវត្តតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដែលបង្កើតឲ្យមានដីស្ទះក្នុងលូ។ នេះជាការព្រមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅមន្រ្តីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ ខណៈដែលលោកដឹកនាំមន្រ្តី ចុះពិនិត្យមើលការស្តារលូ លាងលូ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
លោក ឃួង ស្រេង បានបញ្ជាថា មន្ទីរសាធារណការ ត្រូវសហការគ្នាជាមួយអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលតាមការ៉ាស់លាងរថយន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បើពិនិត្យមើលឃើញថា មិនអនុវត្តតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវទេ គឺបិទអាជីវកម្មតែម្តងទៅ។
លោកបានបញ្ជាក់ថា ជាធម្មតាទីតាំងលាងរថយន្ត ត្រូវមានអាងចម្រោះបីតង់ទើបឲ្យទឹកហូរចូលលូ បើមិនដូច្នេះទេ កាកសំណល់ដូចជា ដីដែលចេញពីរថយន្ត វានឹងទៅធ្វើឲ្យកកស្ទះ នៅក្នុងលូ ជាមិនខាន។
លោកថា «រថយន្តមួយគ្រឿង បើមកពីបណ្តាខេត្តជាប់ដីក្នុងរថយន្តមួយគ្រឿង មិនតិចជាង៥គីឡូក្រាម ទៅ១០គីឡូក្រាមនោះទេ ដូច្នេះបើមួយថ្ងៃលាងរថយន្តពី៥០ ទៅ១០០គ្រឿង សួរថា តើមានដីប៉ុន្មានគីឡូក្រាម ដែលត្រូវហូរទៅកកនៅក្នុងលូ។ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការធ្វើយ៉ាងណាកុំឲ្យលូស្ទះ បង្កការលិចលង់ដោយជំនន់ទឹកភ្លៀង បង្កការលំបាកដល់ប្រជាពលរដ្ឋ។ ដូច្នេះទេ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវតែជាអ្នកដើរតួ ដើម្បីពិនិត្យមើលគ្រប់ការ៉ាស់លាងរថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ មិនអាចបណ្តែតបណ្តោយ បានទៀតនោះទេ ព្រោះនេះជាចំណុចមួយពាក់ព័ន្ធនឹងយុទ្ធនាការ នៃការស្តារលូលាងលូនេះផងដែរ»។
ក្រៅពីការបញ្ជាខាងលើ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក ឲ្យចុះពិនិត្យមើលការស្តារ និងលាងលូជាប្រចាំផងដែរ តែមិនមែនឲ្យមើលតាមការជិះរថយន្តនោះទេ គឺត្រូវដើរមើលដោយថ្មើរជើង ទើបការងារនេះយើងមើលឃើញបានគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យនូវគម្រោងដែលយើងគ្រោងទុក៕