(ភ្នំពេញ)៖ ក្នុងឱកាសបើកទិវាវិទ្យាសាស្រ្តរបស់គម្រោង ANRS កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ សម្រាប់ផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុង និងក្រៅប្រទេស ចែករំលែកនូវលទ្ធផលស្រាវជ្រាវ ស្តីពីជំងឺឆ្លងនានា ដូចជាជំងឺមេរោគអេដស៍ មេរោគថ្លើម B និងC ជំងឺរបេង ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថែ្លងជំរុញដល់ដៃគូពាក់ព័ន្ធ រួមគ្នាស្រាវស្រាវបន្ថែមលើជំងឺឆ្លង និងមិនឆ្លង ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាល ឲ្យទាន់ពេល និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើសុខុមាលភាពប្រជាជនកម្ពុជាទាំងមូល ។ តាមរយៈគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសុខាភិបាលធំៗជាច្រើន ពិសេសការទប់ស្កាត់នូវជំងឺឆ្លងនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។ ជាក់ស្តែងប្រទេសកម្ពុជា ទទួលនូវភាពជោគជ័យសម្រាប់គោលដៅជាសាកល នៃការព្យាបាលជម្ងឺអេដស៍ ៩០-៩០-៩០ ត្រឹមឆ្នាំ២០១៦ ។ ក្រសួងក៏មានការទទួលស្គាល់ជាសាកលផងដែរ ក្នុងការទទួលបានភាពជោគជ័យក្នុងការប្រយុទ្ធ នឹងជម្ងឺឆ្លងសំខាន់ៗដូចជាជំងឺរបេង ជំងឺគ្រុនចាញ់ ជំងឺកញ្រិ្ជល ជំងឺត្រាកូម»។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា «យើងនឹងបន្ដកិច្ចខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការស្រាវជ្រាវ នៅជំងឺទាំងនេះ ពិសេសលើបេសកកម្មរបស់ ANRS គឺសម្របសម្រួលការស្រាវជ្រាវ ទាក់ទងនឹងជំងឺអេដស៍ និងជំងឺរលាកថ្លើម ដែលបណ្តាលមកពី វីរុសថ្លើម B និង C តាមរយៈការឧបត្ថម្ភគម្រោងស្រាវជ្រាវនិងការផ្តល់អាហារូបករណ៍ សម្រាប់បណ្តុះបណ្តាលនិសិ្សតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត» ។
អង្គការ ANRS នេះ ក៏បានផ្តល់ថវិការបស់ខ្លួន ដែរសម្រាប់អនុវត្តគម្រោងស្រាវជ្រាវ នៅប្រទេសដែលមានធនធាននៅមានកំណត់ ។ហើយការបង្កើតជាផ្លូវការ នូវមូលដ្ឋានរបស់អង្គការ នៅកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នា ចុះនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០០០ រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន ANRS នៃប្រទេសបារាំង និងស្ថានទូតបារាំង ប្រចាំប្រទេសកម្ពុជា បន្តមក ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការ ANRS នៃប្រទេសបារាំង នៅខែមីនា ឆ្នាំ២០១៤ ។
គោលដៅវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្តរបស់អង្គការ គឺចូលរួមក្នុងកម្មវិធីអាទិភាពជាតិ ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ដោយសហការជាមួយក្រសួងសុខាភិបាល ។
ការសិក្សា ស្រាវជ្រាវនៅប្រទេសកម្ពុជា ដែលឧបត្ថម្ភដោយអង្គការ ANRSនេះ ត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើការកែលម្អវិធានការ ការពារ ការវិភាគ និងការព្យាបាលអ្នកជំងឺអេដស៍និងជំងឺឱកាសនិយម រួមផ្សំ ឧទាហរណ៍ ជម្ងឺរបេង ជាដើម ។
លោកសាស្ដ្រាចារ្យ សាកលវិទ្យាធិការ បន្ថែមទៀតថា ចាប់តាំងដំណើរការមក គម្រោងចំនួន៣០ ត្រូវបានអនុវត្ត នៅប្រទេសកម្ពុជា និងមានអត្ថបទវិទ្យាសាស្រ្ត ជាង៥០អត្ថបទ ត្រូវបានផ្សព្វផ្សាយក្នុងទិន្នានុលេខវិទ្យាសាស្រ្តអន្តរជាតិ រួមនឹងមានបទបង្ហាញផ្សេងៗជាច្រើន នៅតាមបណ្តាសន្និសីទអន្តរជាតិនានា ៕