(សៀមរាប)៖ ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារស្រុកស្វាយលើ និងនៅតាមផ្ទះស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប ចំងាយប្រមាណ៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប គឺនៅជាប់ស្រុកគូលេន ខេត្តព្រះវិហារ។
ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន១១គំរូ ដែលរួមមាន៖ សណ្តែកបណ្តុះ ទំពាំងជ្រក់ ស្ពៃជ្រក់ មមែងជ្រក់ អំបិលអ៊ីយ៉ូត សាច់ក្រក ផ្អកត្រី បង្អែមលតអង្ករ និងបង្អែមនំបាញ់ឌុក ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផល ផលិតផលដែលពិនិត្យទាំង១១គំរូនេះ គីមានអនុលោមភាព សុវត្ថិភាពចំនួន៩គំរូ។ ដោយឡែកចំពោះបង្អែមនំបាញ់ឌុក និងបង្អែមលត ត្រូវបានវិភាគរកឃើញមានសារធាតុគីមី ហាមឃាត់ទឹកអន្សារ (បូរ៉ាក់) ហើយត្រូវបានសាខាធ្វើការណែនាំ និងធ្វើកំណត់ហេតុដកហូតបាន ១៤.៦០គីឡូក្រាម និងកំទេចចោលភ្លាមៗ។
ដោយការផលិតមានទំហំតិចតួច សាខាបានឲ្យអ្នកលក់ និងជាអ្នកផលិតផ្ទាល់ផង ធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចដោយបញ្ឈប់ជាបន្ទាន់ នូវការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ករណីមិនរាងចាល នឹងចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារស្វាយលើ និងនៅតាមផ្ទះមួយចំនួនស្ថិតនៅក្នុងឃុំស្វាយលើ គឺក្រុមការងារបានពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ទឹកដោះគោខាប់កំប៉ុង និងMayonnaise សរុបមានទម្ងន់ ១០៩.០៦៤គីឡូក្រាម។
ក្នុងពេលចុះពិនិត្យទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ដោយបានផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជា ទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង ។ល៕