(ភ្នំពេញ)៖ ក្រុមឆក់ទូរស័ព្ទ ឆក់កាបូប និងឆក់ទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ទាំងបានសម្រេច និងមិនបានសម្រេចចំនួន២ដង ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល រាជធានីភ្នំពេញ បានអន្តរាគមន៍ស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបាន៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចខាងមុខផ្ទះលេខ១១,១២E០ ផ្លូវលេខ១១៤ កែងផ្លូវលេខ៦១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបង្ក្រាបបានក្រុមជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធករណីឆក់ ដើម្បីយកមកសួរនាំ ពួកគេបានឆ្លើយសារភាពថា កាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨កន្លងទៅ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីជនបរទេសមិនបានសម្រេច១ដងរួចមកហើយ នៅត្រង់ចំណុចមុខផ្ទះលេខ១១,១២E០ ផ្លូវ១១៤ កែងផ្លូវលេខ៦១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
បានតែត្រឹម១ម៉ោងក្រោយប៉ុណ្ណោះ នៅយប់ថ្ងៃខែឆ្នាំដដែល បន្ទាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស មិនបានសម្រេច។ ពួកគេបានធ្វើសកម្មភាពជាលើកទី២ ដោយឆក់កាបូបស្ពាយ ពីស្ត្រីម្នាក់ទៀត ដែលមានផ្ទុកទូរស័ព្ទ១គ្រឿង ម៉ាកអាកាទែល វ័នថាច់ ពណ៌ទឹកមាស រហូតបានសម្រេច នៅចំណុចមុខឃ្លាំងលេខ១៦ ផ្លូវលេខ២៧១ ក្រុមទី៣ ក្នុងភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យ ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ជិន វៃ ហៅហេង ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ទី២-ឈ្មោះ នៅ សូម៉ាត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨A ផ្លូវបេតុង ភូមិ២ ក្រុម៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទី៣-ឈ្មោះ សាក់ ចាន់ហេង ហៅឡាវចាន់កក ហៅកក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី ថ្នាក់ទី12B2 ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រមទាំងដកហូតវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព មានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល1X-0053 និងម៉ូតូម៉ាក SUZUKILET ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GI-0793 និងវត្ថុតាងទូរសព្ទ័ម៉ាក ALCATEL ONETOUCH ពណ៌ទឹកមាស មានស៊ីមកាតលេខ ០៨៦ ៣០៧ ១៣៧ ត្រូវប្រគល់ឲ្យជនរងគ្រោះជាស្ត្រីវិញ។ រីឯជនរងគ្រោះម្នាកទៀតឈ្មោះ BALCERZAK ALEXANDRE ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិបារាំង មុខរបរគ្រូបង្រៀនភាសាបារាំង កាន់លិខិតឆ្លងដែនលេខ១០AR៥៨៦៩៤ ចុះថ្ងៃទី១៩ ០៤ ឆ្នាំ២០១០ ស្នាក់នៅសណ្ឋាគារ ZING ផ្ទះលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ សម្ភារៈបាត់បង់គ្មាន។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធអំពើឆក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕