(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល របស់ក្រុមហ៊ុនណាហ្គាវើលដ៍លីមីធីត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ស្តីអំពី «អភិបាលកិច្ចសាជីវកម្ម» ដើម្បីជំរុញការអនុវត្តអភិបាលកិច្ចសាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាពិសេសនេះ ត្រូវបានចូលរួមដោយមន្ត្រីប្រតិភូជាង១៥០នាក់ ដែលរួមមានមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល មន្ត្រីជំនាញអភិបាលកិច្ចសាជីវកម្មអន្តរជាតិ មន្ត្រីប្រតិបត្តិជាន់ខ្ពស់ មកពីក្រុមហ៊ុនធំៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅសាលពិធី Grand Ballroom នៅក្នុងសណ្ឋាគារណាហ្គាវើលដ៍។
សិក្ខាសាលានេះ មានគោលបំណងបង្កើតការ យល់ដឹងអំពីផលប្រយោជន៍ និងសារសំខាន់នៃការអនុវត្តគោលការណ៍ អភិបាលកិច្ចសាជីវកម្មប្រកបដោយប្រសិទ្ធភាពក្នុងចំណោម សហគ្រាស ធុនតូច និងមធ្យម និងក្រុមហ៊ុន។ ការអនុវត្តអភិបាលកិច្ច សាជីវកម្មបានល្អ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានការលូតលាស់ហើយវា ក៏នឹងធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត និងអាចទាក់ទាញ ការវិនិយោគបរទេសដោយផ្ទាល់ (FDI) មកកម្ពុជាកាន់តែច្រើន។
មន្ត្រីប្រតិបត្តិជាន់ខ្ពស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy បានឲ្យដឹងថា «មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង មានមោទនភាព ដែលបានសហការរៀបចំ និងធ្វើជា ម្ចាស់ផ្ទះ នៃសិក្ខាសិលាដ៏មានសំខាន់នេះ។ យើងជឿជាក់យ៉ាងមុតមាំថា អភិបាលកិច្ចសាជីវកម្មល្អ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទាំងអស់ ទទួលបានផលប្រយោជន៍ ។ លើសពីនេះវាបង្កើតឲ្យ មានការប្រកួតប្រជែង ក្នុងចំណោមក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ខណៈសកលភាវូបនីយកម្មបន្តនាំពិភពលោកឲ្យកាន់តែជិតគ្នា»។
ថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងសុន្ទរកថាស្វាគមន៍ ត្រូវបានធ្វើឡើងដោយ លោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្ម ការមូលបត្រកម្ពុជា។ សិក្ខាសាលាពេញមួយថ្ងៃនេះ មានបទបង្ហាញដ៏មានសារប្រយោជន៍ជាច្រើន ដែលពន្យល់យ៉ាងក្បោះក្បាយដោយវាគ្មិនជាតិ និងអន្តរជាតិជំនាញ។
បទបង្ហាញស្តីអំពី បរិស្ថានវិនិយោគក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណៈកម្មការវិនិយោគទុនកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈកញ្ញា ជា យ៉ាអ៊ីម ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម នៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានធ្វើបទបង្ហាញ និងពន្យល់អំពីតួនាទី និងអំណាចរបស់ គណៈកម្មការមូលបត្រកម្ពុជា ។
លោក Paul Olivera នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ហានិភ័យសម្រាប់ទីផ្សារមូលធនពិភពលោក សាខាអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Morgan Stanley ដែលជាក្រុមហ៊ុនផ្តល់ សេវាកម្មហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយ បានធ្វើបទបង្ហាញអំពីប្រធានបទ «សុចរិតភាព និងអភិបាលកិច្ចហិរញ្ញវត្ថុ» ដោយមានលើកជាឧទាហរណ៍ជាក់ស្តែងជាច្រើន ។
បទបង្ហាញរួមគ្នាស្តីអំពី អភិបាលកិច្ចក្នុងប្រទេសកម្ពុជា និងតំបន់ ត្រូវបានធ្វើឡើងដោយដៃគូជាន់ខ្ពស់ប្រចាំតំបន់លោក Dato’ Gan Ah Tee និងលោក Mok Chew Yin ដែលជាអនុដៃ គូសម្ព័ន្ធអន្តរជាតិនៃក្រុមហ៊ុន BDO អាស៊ានដែលជាផ្នែកមួយ នៃបណ្តាញអន្តរជាតិល្បីមួយ ដែលមានជំនាញផ្នែកគណនេយ្យសាធារណៈ ពន្ធដារ និងផ្តល់ប្រឹក្សាធុរកិច្ច ។
លោក John Bruce នាយកគ្រប់គ្រងក្រុមហ៊ុន Hill & Associates Ltd ដែលជាក្រុមហ៊ុនឈានមុខគេ ដែលមានជំនាញផ្តល់សេវាកម្ម ផ្តល់ប្រឹក្សាគ្រប់គ្រងហានិភ័យក្នុងទ្វីបអាស៊ី បានធ្វើបទបង្ហាញស្តីអំពីសារសំខាន់ នៃអភិបាលកិច្ចសាជីវកម្មក្នុងក្រុមហ៊ុនសម័យទំនើប៕