(ភ្នំពេញ)៖ តាមរយៈកិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លោក អ៉ិត សំហេង បានបង្ហាញការក្ដីរំពឹងទុកថា ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងដែលផលិតនៅកម្ពុជា នៅតែជាតម្រូវការក្នុងទីផ្សារសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ ធ្វើឡើងរវាងក្រសួងការងារជាមួយមជ្ឈមណ្ឌល ACILS នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានោះ លោកបានសាទរចំពោះកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS នាពេលកន្លងមក រហូតឈានដល់ការ ចុះហត្ថលេខាលើអនុស្សរណៈក្នុងថ្ងៃនេះ។
លោកបញ្ជាក់ទៀតថា កន្លងមកក្រសួងការងារ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ ACILS បើទោះជាមិនមានក្របខណ្ឌជាអនុស្សរណៈក៏ដោយ។ តែនេះជាលើកដំបូង ដែលកិច្ចសហប្រតិបត្តិការនេះ ឈានដល់ការរៀបចំឱ្យមាន ពិធីចុះហត្ថលេខាលើអនុស្សរណៈ ដែលនឹងធ្វើឱ្យភាពជាដៃគូរវាងក្រសួង និងអង្គការ ACILS កាន់តែល្អប្រសើរ។ អនុស្សរណៈនេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពេលនេះ កម្ពុជានឹងរួមគ្នាពង្រឹងការអនុវត្ត គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណង ដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ ជាពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកសុខភាព និងសុវត្ថិភាពការងារ និងការអភិវឌ្ឍសុវត្ថិភាព នៃការដឹកជញ្ជូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ដែលជាជំហានដំបូង នៃការអនុវត្តក្របខណ្ឌនេះ។
លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនេះនឹងក្លាយជាក្របខណ្ឌសំខាន់មួយ សម្រាប់ប្រតិបត្តិការរបស់អង្គការ ACILS កាន់តែទូលំទូលាយក្នុងវិស័យការងារ ក៏ដូចជាផ្ដល់នូវភាពស្របច្បាប់ សម្រាប់ប្រតិបត្តិការការងាររបស់ខ្លួន អនុលោមតាមច្បាប់ជាធរមានរបស់កម្ពុជា។
គួររំឭកដែរថា កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្ត លក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់ របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗ របស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា ព្រមទាំងការអនុគ្រោះនានា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបញ្ជាទិញពីសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងជាលំដាប់ ទាំងផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាទំនិញសម្ភារធ្វើដំណើរ៕