(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ អត្តសញ្ញាណកម្ម រយៈពេល៣ឆ្នាំ (២០១៤-២០១៧) និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយកាណ៍បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឲ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់ ២០១៧) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ៩,៧៥១,៩៣៤សន្លឹក ត្រូវបោះពុម្ព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ទទ្ទឹមនឹងការបោះពុម្ពអត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹកនោះ មានអត្តសញ្ញាណប័ណ្ណចំនួន៥៥,៣៨៣សន្លឹក ត្រូបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហាខុចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។
ជាមួយគ្នានេះ របាយការណ៍ដដែលបានឲ្យដឹងថា ការអនុវត្តតាមច្បាប់ស្តីពីកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រសួងមហាផ្ទៃ បានបញ្ជូនទិន្នន័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦លើក ស្មើ៩,៧១៨,៩៣០នាក់ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់រៀបចំទិន្នន័យក្នុងបញ្ជីបោះឆ្នោតថ្មី៕