(ភ្នំពេញ)៖ រយៈពេលត្រឹមតែ៣ឆ្នាំ មានជនបរទេសចំនួន១,៥១៨នាក់ ដែលបានទទួលសញ្ជាតិខ្មែរ តាមរយៈសញ្ជាតិតូបនីយកម្ម (ទទួលបានសញ្ជាតិតាមការស្នើសុំ), ការទាមទារសញ្ជាតិ និងការផ្តល់ជូនដោយចូលស្បថ ចំពោះតុលាការកំពូល។ នេះបើយោងតាមរបាយកាណ៍ បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។
របាយការណ៍ដដែលបានឲ្យដឹងថា ជនបរទេសទាំង១,៥១៨រូប ដែលទទួលបានព្រះរាជក្រឹត្យ ផ្តល់សញ្ជាតិដោយអនុវត្ត ស្របតាមច្បាប់ ស្តីពីសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមាន៖
១៖ សញ្ជាតិតូបនីយកម្មមានចំនួន១,១០៨ច្បាប់ ក្នុងនោះរួមមាន៖ តាមរយៈវិនិយោគទុនចំនួន១,០៥០ច្បាប់ ស្មើរនឹង១,០៦៨រូប, ស្នាក់នៅ៧ឆ្នាំចំនួន៥៤ករណី ស្មើនឹង៦៤រូប, ស្នាដៃពិសេសចំនួន៤ករណីស្មើ៤រូប។
២៖ ការទាមទារសញ្ជាតិ និងការលះបង់សញ្ជាតិបានចំនួន១០០ច្បាប់ ស្មើ១០១នាក់ ក្នុងនោះរួមមាន៖ តាមរយៈអាពាហ៍ពិពាហ៍ចំនួន៣១ច្បាប់ ស្មើនឹង៣១រូប, លះបង់សញ្ជាតិចំនួន៦៩ច្បាប់ ស្មើនឹង៧០រូប។
៣៖ ផ្តល់ជូនជនបរទេស ដែលទទួលបានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ ទៅធ្វើសម្បថនៅចំពោះមុខតុលាការកំពូលចំនួន៧លើកស្មើនឹង៣៥១រូប។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសញ្ជាតិ ដែលប្រកាសឲ្យប្រើកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៩៦ ជនបរទេសដែលអាចទទួលបានសញ្ជាតិខ្មែរ មានលក្ខណ្ឌដូចតទៅ៖
* មាត្រា៥៖ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្ត្រី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំ ក្រោយពេលសុំចុះសំបុត្រអាពាហ៍ពិពាហ៍។
* មាត្រា៨៖ ជនបរទេសដែលអាចសុំសញ្ជាតិតូបនីយកម្មបាន ត្រូវបំពេញលក្ខណ្ឌដូចតទៅ៖
១៖ មានលិខិតបញ្ជាក់ថា មានគំនិតមាយាទល្អ និងសីលធម៌ល្អ ដែលចេញឲ្យដោយមេឃុំ ឬចៅសង្កាត់នៃលំនៅដ្ឋានរបស់ខ្លួន។
២៖ មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។
៣៖ មានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន៧ឆ្នាំ ដោយគិតពីថ្ងៃទទួលបានប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍
៤៖ មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតិតូបនីយកម្ម
៥៖ ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ
៦៖ មានបញ្ញា និងកាយសម្បទា ដែលមិននាំឲ្យមានគ្រោះថា្នក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
* មាត្រា១០៖ ចំពោះជនបរទេសណា ដែលទទួលបានលិខិតអនុញ្ញាត ឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលបានអនុវត្តគម្រោងជាក់ស្តែង ចំណាយទុនចំនួនចាប់ពី ១,២៥០លានរៀលឡើងទៅ រយៈពេលស្នាក់នៅដូចមានចែងក្នុងចំណុចទី៣ មាត្រា៨ នៃច្បាប់នេះ ត្រូវបានលើកលែង។
* មាត្រា១១៖ ចំពោះជនបរទេសណាដែលពុំមាន លិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលបានចំណាយទុនវិនិយោគចាប់ពី ១,២៥០លានរៀលឡើងទៅ រយៈពេលស្នាក់នៅដូចមានចែងក្នុងចំណុចទី៣ មាត្រា៨នៃច្បាប់នេះ ត្រូវបានលើកលែង។
* មាត្រា១២៖ ជនបរទេសណា ដែលបានធ្វើអំណោយប្រាក់ដល់ថវិការជាតិចាប់ពី ១០០០លានរៀល ឡើងទៅ សម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចកម្ពុជា, ជនបរទេសនោះអាចធ្វើពាក្យសុំសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះ បានបំពេញតាមលក្ខខណ្ឌ ដូចមានចែងក្នុងចំណុចទី១ ទី២ ទី៥ និងទី៦ មាត្រា៨ នៃច្បាប់នេះ៕
អ្នកស្រី Angelina Jolie និងលោក Scott Neeson សុទ្ធតែទទួលបានសញ្ជាតិខ្មែរ