(ភ្នំពេញ)៖ លោក គង់ វុទ្ឋី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញ ចុះទៅពិនិត្យចំណីអាហារ និងគ្រឿងបរិភោគនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ ដោយរកឃើញបង្គា មានបាញ់ចាហួយបញ្ចូលបន្លំបរិមាណចំនួន៨គីឡូក្រាម ហើយបានយកទៅដុតកម្ទេសចោលភ្លាមៗផងដែរ។
ក្រោយរកឃើញបង្គាមានការចាក់បញ្ចូលសារធាតុគីមីខាងលើនេះ ក្រុមមន្រ្តីជំនាញកាំកុងត្រូល បានណែនាំដល់អាជីករដែលដាក់លក់ ត្រូវនាំចូលពីប្រភពច្បាស់លាស់ ហើយពិនិត្យឲ្យបានត្រឹមត្រូវ ជៀសវាងរបស់គ្មានគុណភាព ដែលអាចបង្កគ្រោះថ្នាក់ ដល់អ្នកទិញយកទៅទទួលទាន។
ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញ បានចុះជាប់ជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង។
លោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកអនុប្រធាន ក៏បានសំណូមពរដល់បងប្អូនអាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ អាហារ និងគ្រឿងបរិភោគ ព្រោះសារធាតុទាំងនោះ បង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ។ ម្យ៉ាងវិញទៀត អាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់ទីតាំងចែកចាយផងដែរដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។
លោក គង់ វុទ្ឋី បញ្ជាក់ថា «ការចុះមកពិនិត្យនៅពេលនេះ ជាក់ស្តែង មិនត្រឹមតែរកឃើញបង្គារបាញ់បញ្ចូលនូវចាហួយ បន្លំបរិមាណចំនួន៨គីឡូក្រាម ដោយកំទេចចោលភ្លាមៗប៉ុណ្ណោះទេ ក្នុងនោះផ្កាគូចាយកន្លះគីឡូក្រាម យកទៅពិនិត្យលើរថយន្តពិសោធន៍ចល័ត រកឃើញមានកាកសំណល់ថ្នាំសំលាប់សត្វល្អិត ក៏ត្រូវបានដកហូតផងដែរ ហើយសកម្មភាពនេះ នឹងនៅតែបន្តធ្វើឱ្យដូចភ្លៀងរលឹម»៕