(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ផ្លូវក្នុងក្រុងភ្នំពេញ ដែលនៅសល់ជិត២ពាន់គីឡូម៉ែត្រ នឹងត្រូវធ្វើការកសាងជាបេតុង ឬ អ៊ុតកៅស៊ូបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាជន ក្នុងរាជធានីភ្នំពេញ នឹងក៏ជាការបង្កើននូវសោភ័ណ្ឌភាពទីក្រុង។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង ដឹកនាំក្រុមការងារ ចុះពិនិត្យការស្តារលូ និងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងបន្តធ្វើការកសាងផ្លូវ ក្នុងក្រុងដែលមានប្រវែង១៨៨០គីឡូម៉ែត្រ និងធ្វើការដាក់ប្រព័ន្ធលូ ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដា នៃដង្ហើមទឹកហូរឲ្យបានលឿនផងដែរ។

អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «នៅរាជធានីភ្នំពេញ ផ្លូវដែលត្រូវកសាងស្ថាបនា មាន១៨៨០គីឡូម៉ែត្រ បើយើងនិយាយពីចំងាយផ្លូវ ពីនេះទៅបាងកក៣ដង ទៅមកបីត្រឡប់ បានអស់ផ្លូវ ដែលធ្វើនៅក្នុងក្រុងភ្នំពេញ ប៉ុន្តែចំណុចខ្លះ ដែលនៅសេសសល់ យើងនឹងបំពេញបន្ថែមជូនប្រជាជន»

ក្នុងដំណើរចុះពិនិត្យការស្តារលូ និងមើលផ្លូវនេះ លោក ឃួង ស្រេង បានបញ្ជាឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ស្ថាបនាផ្លូវដោយចាក់បេតុង លើផ្លូវលេខ៣៤៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំងាយប្រមាណជាង៥០០ម៉ែត្រ ដែលជាថវិកា របស់សាលារាជធានីភ្នំពេញ និងមានដាក់ប្រព័ន្ធលូបង្ហូទឹកផងដែរ។

ទាក់ទិនទៅនឹងយុទ្ធនាការស្តាលូ លោក ឃួង ស្រេង បញ្ជាក់ថា យុទ្ធនាការស្តារលូ គឺដើម្បីរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។ ខណ្ឌចំនួន៤ នៅកណ្តាលក្រុង គឺពួកគាត់បាន យល់ដឹង ហើយក៏មានសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តស្តារលូនេះ។ លូជាដង្ហើមទឹក ដើម្បីរំដោះទឹកជន់លិច ដោយទឹកភ្លៀងឲ្យបានទាន់ពេលវេលា ហើយក៏ជាការ ចូលរួមអភិវឌ្ឍន៍ជូនប្រជាពលលរដ្ឋ នៅរាជធានីភ្នំពេញផងដែរ។

ចំពោះការស្តារលូ និងស្ថាបនាផ្លូវនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកក់១ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាអភិបាលរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់ មកលើប្រជាពលរដ្ឋ ដោយមានការស្តារលូ និងកសាងផ្លូវចាក់បេតុង ចាក់កៅស៊ូជាដើម្បី ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាជនទូទៅ។

កន្លងទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបាន ឲ្យដឹងថា លូដែលត្រូវអនុវត្តនៃការស្តារនេះ មានប្រវែងជាង៤៦០គីឡូម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌដូនពេញ មានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។

ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹក ចំនួន៤គ្រឿង រថយន្តបាញ់ទឹកបំបែកដីភក់ ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។

ពាក់ព័ន្ធនឹងយុទ្ធនាការស្តាលូ ខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់កន្លងមកដែរថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់ភារៈកិច្ច ជូនទៅរដ្ឋបាល ខណ្ឌទាំង៤កណ្តាលក្រុង ដោយអនុវត្តតាមវិមជ្ឈការថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា ឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលដែរ គឺនៅតែតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត៕