(ព្រះវិហារ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការប្រចាំឆ្នាំ២០១៨ ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក-ទឹក និងនាយកដ្ឋានបច្ចេកទេសព្រំដែន ប្រធានសហព័ន្ធយុទ្ធក្រមខមកម្ពុជា មេបញ្ជារងភូមិភាគទាំង៥ ស្នងការរងនគរបាលខេត្តជាប់ព្រំដែន និងមេបញ្ជាការវរៈទាំង៣៤ សរុបចំនួន៤២១នាក់។
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានថ្លែងថា វគ្គហ្វឹកហ្វឺនឆ្នាំនេះ ដំណើរការទៅបានអាស្រ័យដោយមានការយកចិត្តទុកដាក់ជួយទំនុកបម្រុងឧបត្ថម្ភទាំងថវិកា សម្ភារជាច្រើន ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីវគ្គហ្វឹកហ្វឺននេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះ ដែលមានសិក្ខាកាមចំនួន ៣៥០នាក់ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ (ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ)៕