(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យផលិតផ្លិតដែលរំលេចដោយរូបទង់ជាតិកម្ពុជា និងជប៉ុនឲ្យបានច្រើនចែកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាលោកឯកអគ្គរាជទូតជប៉ុន បានចូលរួមអបអរសាទរជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចនូវលទ្ធផលសំខាន់ៗក្នុងមហាសន្និបាតបក្សរយៈពេល៣ថ្ងៃ ដែលទើបបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅនោះ។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ក៏បានលើកបង្ហាញការសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជា ទៅលេងកម្សាន្តនៅប្រទេសជប៉ុន នាពេលបច្ចុប្បន្នបានកើនឡើងចំនួន៥ដង បើធៀបនាពេលកន្លងទៅ។
ក្រៅពីនោះលោកឯកអគ្គរាជទូ ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ពីគម្រោងរៀបចំពិធីនានាសម្រាប់អបអរសាទរខួប ៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ ជាពិសេសស្ថានទូតជប៉ុន និងក្រសួងការបរទេសកម្ពុជា បានសម្រេចជ្រើសយករូបផ្លិតរំលេចដោយទង់ជាតិនៃប្រទេសទាំងពីរធ្វើជានិមិត្តសញ្ញាអបអរសាទរខួបទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន នៃកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន។ ក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំកម្មវិធីឲ្យបានច្រើន ដើម្បីបង្ហាញពីការអបអរសាទរនៃចំណងការទូតប្រទេសទាំងពីរ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋកម្ពុជា និងជប៉ុន សុទ្ធតែចូលចិត្តប្រើផ្លិតដូចគ្នា ក្នុងន័យនេះសម្តេចស្នើឲ្យមានការផលិតផ្លិតរំលេចរូបទង់ជាតិនៃប្រទេសទាំងពីរនៅលើនោះឲ្យបានច្រើនចែកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ។
ឆ្នាំ២០១៨នេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បានថ្លែងថា ពេញមួយឆ្នាំ២០១៨នេះ ស្ថានទូតជប៉ុន និងក្រសួងការបរទេសកម្ពុជា នឹងរៀបចំកម្មវិធីផ្សេងៗជាច្រើន ដើម្បីអបអរសាទរនៃខួបទំនាក់ទំនងនេះ។
ស្ថានទូតជប៉ុន ក៏បានសម្រេចរចនារូបផ្លិតរំលេចដោយទង់ជាតិជប៉ុន-កម្ពុជា ដើម្បីធ្វើជានិមិត្តសញ្ញាអបអរសាទរខួបនៃទំនាក់ទំនងប្រទេសទាំងពីរផងដែរ៕