(ព្រៃវែង)៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង។
លោក សួន សុម៉ាលីន បានលើកឡើងថា ការផ្សព្វផ្សាយនេះក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ដែលបណ្តាក្រសួងនានានៅថ្នាក់ជាតិ ដែលផ្ទេរអាណាប័កជូនលោក លោកស្រីប្រធានមន្ទីរ ដើម្បីអនុវត្តគម្រោងសកម្មភាព ចំណូលចំណាយថវិកាប្រចាំឆ្នាំរបស់ខ្លួន ប្រកបដោយបុរេសកម្ម និងមានសមិទ្ធកម្ម ឬមានលទ្ធផលការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ។
ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ នៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកប ដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅច្បាស់លាស់ ជាដំណាក់ៗរបស់ ទេសរដ្ឋមន្ដ្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដាក់ឲ្យក្រសួង អនុវត្តថវិកាកម្មវិធីពេញលេញ ព្រមគ្នាជាមួយនិងក្រសួងអនុវត្តថវិកាកម្មវិធីចំនួន០៩ផ្សេងៗទៀត ចាប់ពីឆ្នាំ២០១៥រហូតមក។
បើតាមលោកអភិបាលរងខេត្ត ទន្ទឹមនិងនេះអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ត្រូវបានដាក់ឲ្យដំណើការ និងប្រតិបត្កិបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីគាំទ្រ និងចូលរួមអនុវត្តថវិកាកម្មវិធី ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រគល់សិទ្ធិជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព សមិទ្ធកម្ម និងថវិកា។ ជាលទ្ធផលគិតមកដល់ឆ្នាំ២០១៧ មន្ទីរជំនាញនៅមូលដ្ឋាន បានដាក់ឲ្យដំណើរការអង្គភាពថវិកា នៃមន្ទីរសរុបចំនួន២៤ ហើយសាលាខេត្តព្រៃវែង ត្រូវបានដាក់ឲ្យអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ២០១៨ផងដែរ។
លោកក៏បានណែនាំដល់អង្គពិធីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយលើឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីរបស់គ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ។
អភិបាលរងខេត្តព្រៃវែងរូបនេះ សង្ឃឹមថា អង្គពិធីថ្ងៃនេះ និងផ្តល់ធាតុចូលបន្ថែមយ៉ាងសំខាន់ថែមទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញក្នុងការចូលរួមចំណែក លើការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព សង្កគិភាព សុក្រិត្យភាព គណនេយ្យភាព និងតម្លាភាព ដើម្បីសម្រេចបាននូវលទ្ធផលនៃគោលបំណង គោលនយោបាយ និងកម្មវិធីដែលក្រសួងនីមួយៗបានដាក់ចេញ៕