(ភ្នំពេញ)៖ នគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួននិស្សិត នៅសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចឆ្នាំទី៣ ដែលបើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀត ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវស្លាប់ភ្លាមៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជនបង្កជានិស្សិតរូបនេះមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ឆ្នាំ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន វ៉ាជាមួយរថយន្ដមួយគ្រឿងទៀត មិនចាំម៉ាកក៏ជ្រុលចង្កូតទៅបុកក្មេងប្រុស ដែលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ភ្លាមៗនោះម្ចាស់រថយន្ដជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ធ្វើការឃាត់ខ្លួនបានមកវិញ។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះ បានសម្ដែងប្រតិកម្មក្តៅក្រហាយយ៉ាងខ្លាំង ចំពោះកាយវិកា និងការដោះស្រាយរបស់ក្រុមគ្រួសារជនបង្កខាងលើ ដោយសារតែនិស្សិតបង្កម្នាក់នេះ ហាក់បានមើលងាយ មើលថោកជីវិតកូនប្រុសរបស់គាត់យ៉ាងខ្លាំង។ ព្រោះពេលដោះស្រាយគ្នា ជននេះបានអង្គុយអង្រួនជើងសម្ដីសម្ដៅបែបហំ ធ្វើឫកពារ ក្រអឺតក្រទម និងប្រើពាក្យមិនសមរម្យថែមទៀត ហើយអ្វីដែលកាន់តែធ្វើឲ្យមានការក្ដៅក្រហាយទៀតនោះ គឺបានចេញសំណងដល់កូនប្រុសរបស់គាត់ ក្នុងកម្រិតមួយដ៏ទាបដែលមិនអាចទទួលយកបានឡើយ។
ក្រុមគ្រួសារក្មេងប្រុស រងគ្រោះបាននិយាយទៀតថា កាលពីវេលាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅឲ្យពួកគាត់ ដែលជាអាណាព្យាបាលក្មេងប្រុសរងគ្រោះ រួមជាមួយខាងភាគីជនបង្ក ចូលទៅជួបធ្វើការដោះស្រាយគ្នា ពីគ្រោះថ្នាក់នេះ។ ពេលនោះ គាត់បានទៅតាមការអញ្ជើញរបស់នគរបាល ហើយពេលបានទៅដល់ខាងភាគីជនបង្ក មិនបានយល់ពីអារម្មណ៍របស់ គាត់ដែលកំពុងតែបាត់បង់កូនប្រុសជាទីស្រឡាញ់ម្នាក់នោះឡើយ។
ភាគីជនបង្កបានមិនដឹងថា មានខ្នងក្រាស់ប៉ុណ្ណានោះទេ បានបញ្ចេញអាកប្បកិរិយា ខែងរ៉ែងគួរឲ្យខឹងខ្លាំងណាស់។ គាត់ចង់បានដំណោះស្រាយមួយដែលសមរម្យ ប៉ុន្តែបែរជាភាគីជនបង្កបន្ទាប បន្ថោកជីវិតកូនប្រុសរបស់គាត់ និយាយតែមួយម៉ាត់ខ្លីជាមួយគាត់ ដោយចេញសំណងក្នុងកម្រិតមួយទាបបំផុត។ គាត់មានការឈឺចាប់ណាស់ដែ លកូនប្រុសជាទីស្រឡាញ់ត្រូវបាត់បង់ជីវិត ហើយបែរជាទទួលរងនូវ ការមើលងាយមើលថោក ពីភាគីជនបង្កទៀតបែបនេះ។
គ្រួសារក្មេងប្រុសរងគ្រោះ បានទទូចដល់តុលាការចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងជាទីបំផុត ចំពោះជនបង្ក និងទាមទារសំណងឲ្យបានសមរម្យ ដែលច្បាប់កំណត់សម្រាប់ជីវិតកូនប្រុសរបស់គាត់៕