(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានយល់ឃើញថា សកម្មភាពបង្កើតចលនាថ្មីមួយរបស់ លោក សម រង្ស៊ី នាថ្មីៗនេះ បានបង្ហាញអំពីភាពតក់ក្រហល់ចង់ឲ្យតុលាការកម្ពុជា កាត់ទោសលោក កឹម សុខា ឲ្យបានលឿនបំផុត។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាមិនមែនជារឿងចម្លែកទេ ដែលច្បាប់ដាក់ទណ្ឌកម្ម លើមនុស្សប្រឆាំងនឹងច្បាប់ ដូចជាលោក សម រង្ស៊ី កំពុងធ្វើកិច្ចការបញ្ច្រាសនឹងច្បាប់អញ្ចឹងដែរ ហើយលោក សម រង្ស៊ី មិនត្រឹមតែប្រឆាំងនឹងច្បាប់តែម្នាក់ឯងទេ គឺលោកបាននឹងកំពុងតែអូសអតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិឲ្យប្រឆាំង នឹងច្បាប់ផងដែរជាពិសេស លោក សម រង្ស៊ី បានអូសដៃគូររបស់ខ្លួនគឺ លោក កឹម សុខា ឱ្យប្រឆាំងនឹងច្បាប់ផងដែរ។ គោលបំណងពិត របស់លោក សម រង្ស៊ី គឺលោកចង់រំលាយកម្លាំងអតីតបក្សសង្រ្គោះជាតិឲ្យផុតរលត់ និងចង់ឲ្យតុលាការកម្ពុជា បន្ថែមទោស លើរូប លោក កឹម សុខា ព្រមទាំងជុំរុញតុលាការកម្ពុជាកាត់ទោស លោក កឹម សុខា ឱ្យលឿនបំផុត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៉ី រួមទាំងបក្ខពួករបស់លោកមួយចំនួនទៀត បង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ»។ ចលនាថ្មីនេះ ត្រូវបានលោក សម រង្ស៉ី អះអាងថា បង្កើតឡើងដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមការបោះឆ្នោតខាងមុខនេះឡើងវិញ។
ក្រុម កឹម សុខា និយម បានចាត់ទុកថាចលនានេះនឹងបន្ថែមបន្ទុកទោសដល់ លោក កឹម សុខា ដែលកំពុងជាប់ចោទពាក់ព័ន្ធ នឹងអំពើក្បត់ជាតិនៅកម្ពុជា។ ចំណែកគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ចលនានេះជាក្រុមឧទ្ទាម ដែលច្បាប់មិនអនុញ្ញាតទេ។
ដោយឡែក លោក កឹម សុខា បានប្រកាសជំហររបស់លោកពីពន្ធនាគារត្រពាំងផ្លុងមកថា លោកមិនគាំទ្រ និងចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នេះទេ៕